កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នារក្សាជំហរសន្តិភាព និងពហុភាគីនិយម ខណៈស្ថានការណ៍ពិភពលោកកាន់តែវិវត្តន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញ
អត្ថបទ៖ CNC
ការីថត៖ អេង សុគុន
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងរួមគ្នាថា កម្ពុជា-ជប៉ុន នៅតែបន្តពួតដៃគ្នាដោយប្ដេជ្ញារក្សាជំហរសន្តិភាព និងពហុភាគីនិយមសម្រាប់ក្នុងតំបន់ និងសហគមន៍អន្តរជាតិ ខណៈស្ថានការណ៍អន្តរជាតិវិវត្តន៍យ៉ាងឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ។
ថ្លែងក្នុងពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន នារាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ជប៉ុន និងកម្ពុជា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បាននិងកំពុងរួមគ្នាចូលរួមចំណែកដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ លោកថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ផ្អែកលើតម្លៃរួមរបស់ប្រជាជាតិទាំងពីរ គឺការគោរពច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី បានគូសរំលេចពីកិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន ដែលបានរួមគ្នាបណ្តុះបណ្តាលជំនាញបោសសម្អាតមីនដល់មន្ត្រីរបស់អ៊ុយក្រែន ហើយកិច្ចសហប្រតិបត្តិការនេះ ក៏កំពុងអភិវឌ្ឍនៅមជ្ឈិមបូព៌ាដែរ។
ជាមួយគ្នានោះ លោកឯកអគ្គរាជទូតជប៉ុន ក៏បានរំឭកពីការបញ្ចប់សង្គ្រាមលោកលើកទី២ ដែលមានរយៈកាលប្រមាណ ៨០ឆ្នាំហើយក៏ពិតមែន ក៏ប៉ុន្តែ លោក ថា ជម្លោះ និងសង្គ្រាមនៅតែកំពុងបន្តបំផ្លាញពិភពលោក ដ្បិតតែវាមិនស្ថិតក្នុងកម្រិតសកលក៏ដោយ។
ទោះជាយ៉ាងណា លោកឯកអគ្គរាជទូតជប៉ុន បានថ្លែងសង្កត់ធ្ងន់ថា «ក្នុងនាមជាដៃគូដែលបានបង្កើតចំណងដ៏រឹងមាំ ប្រទេសជប៉ុន និងកម្ពុជា នឹងបន្តដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។
ក្នុងគ្រានោះដែរ អញ្ជើញជាអធិបតីតំណាងរាជរដ្ឋាភិបាលកម្ពុជា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងភាពមិនប្រកដប្រជា និងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សភូមិសាស្ត្រនយោបាយ កម្ពុជា និងជប៉ុន បានបង្ហាញនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃសន្តិភាព ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។
«ប្រទេសទាំងពីរ ក៏បង្ហាញនូវគុណតម្លៃរួមគ្នា និងចក្ខុវិស័យរួមសម្រាប់ស្ថិរភាពក្នុងតំបន់និងពិភពលោក ហើយកម្ពុជា-ជប៉ុន នឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃសេដ្ឋកិច្ច»។ នេះជាការថ្លែងបញ្ជាក់របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ។
ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជានិងជប៉ុនបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ដូចជា ការរក្សាសន្តិភាពអន្តរជាតិក្រោមឆត្រអង្គការសហប្រជាជាតិ, ការប្រែប្រួលអាកាសធាតុ, ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព និងសុវត្ថិភាពពិភពលោក។ លោកថា ជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។ លើសពីនេះ ជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្ដុះបណ្ដាលជំនាញនិងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកជួយពង្រឹងភាពប្រកួតប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង មានក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរនៅកម្ពុជា៕