ក្រុមហ៊ុន ជីប ម៉ុង ប្រកាសជួយទទួលរ៉ាប់រងការចំណាយលើការព្យាបាលទាំងស្រុងរបស់ កញ្ញា សាលី ស្រីមាស តាមរយ:ការសម្របសម្រួលរបស់សមាគមសិល្បករខ្មែរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ គឹម ចាន់ណា បានជួបសំណេះសំណាល ជាមួយប្អូនស្រីនាថការីសិល្បៈរបាំដ៏មានទេពកោសល្យរបស់កម្ពុជាដែលប្អូនមានជំងឺប្រចាំកាយ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា បងស្រីម្នាក់នេះ ក៏សូមសម្តែងនូវក្តីសោមនស្ស អបអរសាទរចំពោះប្អូនស្រី សាលី ស្រីមាស ដែលអាចរកឃើញនូវក្តីសង្ឃឹមថ្មីក្នុងជីវិត តាមរយៈជំនួយនៃការព្យាបាលដោយគ្មានលក្ខខណ្ឌពីអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ដែលនេះប្រៀបបាននឹងការស្រោចស្រង់ជីវិតជាថ្មីចំពោះប្អូនស្រី។ កាយវិការរបស់អ្នកឧកញ៉ា ពិតជាកាយវិការប្រកបដោយក្តីសប្បុរស ដែលគួរឱ្យកោតសរសើរ និងកោតស្ញប់ស្ញែង។
លោកជំទាវអ្នកឧកញ៉ាបន្តថា ចំពោះប្អូនស្រី សាលី ស្រីមាស គឺជានាថការីសិល្បៈប្រកបដោយទេពកោសល្យខ្ពស់ ដែលធ្លាប់បាននាំយកនូវអត្តសញ្ញាណជាតិកម្ពុជា ទៅបង្ហាញទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ បងក៏ធ្លាប់បានឃើញវីដេអូ
ឃ្លីបមួយចំនួនស្តីពីការសម្តែងរបស់ប្អូនផងដែរ ប្អូនពិតជាសិល្បករវ័យក្មេងម្នាក់ដែលគួរតែទទួលបានគាំទ្រ ថែរក្សា និងផ្តល់តម្លៃខ្ពស់ ។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរបន្ថែមថា បងពិតជាសប្បាយចិត្តក្រៃលែង ដែលបានជួបមុខប្អូនដោយផ្ទាល់។ ប្អូនមានដឹងទេថា ព័ត៌មានជុំវិញស្ថានភាពជំងឺដ៏អាក្រក់របស់ប្អូន, ការអំពាវនាងរកជំនួយរបស់ប្អូន និងក្រុមគ្រួសារ មិត្តភ័ក្តិ ពិតជាធ្វើឱ្យមហាជនទូទាំងប្រទេសរំជួលចិត្តយ៉ាងខ្លាំង ហើយក្នុងចំណោមនោះ ក៏មាន អ្នកឧកញ៉ា លាង ម៉េង និងបងស្រី ម្នាក់នេះផងដែរ។ ក្រោយមើលឃើញព័ត៌មាននោះភ្លាម អ្នកឧកញ៉ា លាង ម៉េង បានទូរស័ព្ទមកជជែកពិភាក្សាជាមួយបង ដើម្បីរកវិធីល្អណាមួយអាចជួយសម្រួលការលំបាករបស់ប្អូន។ នៅទីបំផុត អ្នកឧកញ៉ា លាង ម៉េង ក៏បានសម្រេចជួយលើការព្យាបាលប្អូនទាំងស្រុងតែម្តង ដោយសារតែប្អូនស្រីជានាថការីវ័យក្មេងមានទេពកោសល្យ ហើយក៏ជាក្មេងស្រីមានជីវិតកម្សត់ មានការតស៊ូ កំព្រាឪពុកតាំងពីតូច និងមានម្តាយជាស្ត្រីបម្រើការងារជាអ្នកអនាម័យនៅក្នុងសណ្ឋាគារមួយ។ ហើយជាមួយគ្នានោះ នាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់ ទាំងនៅក្រុមហ៊ុន ជីបម៉ុង និងសមាគមសិល្បករខ្មែរ ដែលបានជួយខ្នះខ្នែងសម្របសម្រួលយ៉ាងសកម្មតាំងពីពេលព័ត៌មានប្អូនស្រី ស្រីមាស ត្រូវបានផ្សព្វផ្សាយ និងចែកចាយ។
តាងនាមសមាគមសិល្បករខ្មែរ ក៏ដូចជាជួសមុខឱ្យប្អូនស្រី សាលី ស្រីមាស និងក្រុមគ្រួសារ លោកជំទាវអ្នកឧកញ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានផ្តល់នូវគុណតម្លៃខ្ពស់ ប្រកបដោយការយកចិត្តទុក្ខដាក់ និងចិត្តសប្បុរស ចំពោះនាថការី សាលី ស្រីមាស និយាយដោយឡែក និងនិយាយជារួមគឺអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីបម៉ុង ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងលើកស្ទួយ និងអភិវឌ្ឍន៍វិស័យសិល្បៈកម្ពុជានាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បន្តថាក្នុងនាមជាបងស្រីម្នាក់ បងពិតជារីករាយដែលប្អូនបានជួបនឹងការជួយសង្គ្រោះយ៉ាងពិតប្រាកដ ហើយបងក៏សូមលើកទឹកចិត្តឱ្យប្អូនមានភាពរឹងមាំ ក្លាហ៊ាន កុំភ័យខ្លាចក្នុងការព្យាបាល ព្យាយាមហាត់ប្រាណឱ្យបានទៀងទាត់ និងគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវបំផុត ដើម្បីឱ្យដំណើរការនៃការត្រៀមព្យាបាល ការព្យាបាល និងក្រោយព្យាបាលប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា " ក្នុងនាម ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរដែលតែងតែលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរយ៉ាងសកម្ម ខ្ញុំបាទសូមសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែង ការតាំងចិត្ត និងភាពក្លាហានរបស់នាដការីវ័យក្មេង សាលី ស្រីមាស ដែលបានដើរតួជាសិល្បៈការនីគំរូម្នាក់ ដល់យុវជនបន្តវេនជំនាន់ក្រោយ ដោយសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោក ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេស ជាមួយកាយវិការដ៏រស់រវើក និងពោរពេញទៅដោយសក្តានុពល ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ" ។
អ្នកឧកញ៉ា លាង ម៉េង បានបួងសួងដល់វត្ថុសក្តិសិទ្ធិតាមជួយថែរក្សា និងអាចវែករកវិធីសាស្ត្រព្យាបាលប្អូនឱ្យឆាប់ជាសះស្បើយពីជំងឺ។ តែក្រៅពីមានគ្រូពេទ្យជំនាញជួយព្យាបាលហើយ ប្អូនស្រីផ្ទាល់ជាចំណែករួមដ៏សំខាន់ ព្រោះគ្មានអ្វីសំខាន់ជាងការថែទាំសុខភាពខ្លួនឯងឱ្យល្អទេ។ ប្អូនស្រី ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ តាមដានពិនិត្យសុខភាពជាប្រចាំ ញ៉ាំអាហារមានជីវជាតិ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឱ្យរាងកាយមានថាមពល និងទទួលបានសុខភាពល្អត្រលប់ទៅវិញផង។
ជាមួយប្អូនស្រី សាលី ស្រីមាស ដែលជានាដការីរបាំព្រះរាជទ្រព្យ បានថ្លែងអំណរគុណលាជាមួយនឹងទឹកភ្នែក ដល់លោកជំទាវអ្នកឧកញ៉ាម៉ៅចំណានគិតម៉េងនិងអ្នកឧកញ៉ាលាងម៉េង ដែលបានផ្ដល់សេចក្តីសង្ឃឹមជាថ្មីដល់ខ្លួន និងបានផ្ដល់ជីវិតបន្តទៀតដល់រូបប្អូន ដែលប្អូនមិននឹកស្មានថា មានក្រុមហ៊ុនធំនៅប្រទេសកម្ពុជាបានជួយធានារ៉ាប់រងលើថ្លៃព្យាបាលរបស់ប្អូនស្រីដូច្នេះឡើយ។ ប្អូនស្រីនឹងខិតខំតស៊ូព្យាបាលខ្លួនឲ្យជា ដើម្បីជួយលើកស្ទួយសិល្បៈ វប្បធម៌ ខ្មែរតទៅថ្ងៃមុខទៀត។ប្អូនស្រីក៏បានអរគុណដល់ទឹកចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃថ្លាមួយនេះ ដោយមិនដឹងយកអ្វីមកប្រៀបបានទៅនឹងគុណូបប្រការៈនេះឡើយ ។
សូមបញ្ជាក់ថា នាមសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជួសមុខឱ្យប្អូនស្រី សាលី ស្រីមាស និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានផ្តល់នូវគុណតម្លៃខ្ពស់ ប្រកបដោយការយកចិត្តទុក្ខដាក់ និងចិត្តសប្បុរស ចំពោះនាថការី សាលី ស្រីមាស និយាយដោយឡែក និងនិយាយជារួមគឺអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីបម៉ុង ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងលើកស្ទួយ និងអភិវឌ្ឍន៍វិស័យសិល្បៈកម្ពុជានាពេលបច្ចុប្បន្ន៕
អត្ថបទ គង់ វណ្ណៈ , រូបភាព អ៊ុន ផាណាត និង ង៉ាន់ សំណាង