ដំណាំមួយប្រភេទ ដែលផ្លែក្នុង ១គីឡូក្រាម អាចលក់បានក្នុងតម្លៃជាង ១ពាន់ដុល្លារ កំពុងដាំដុះនៅខេត្តកំពត

កំពត៖ ខេត្តកំពតដែលល្បីដំណាំទុរេន និងម្រេចខ្លាំងជាងគេ។ ម្រេចក្នុង១គីឡូក្រាមមានតម្លៃចម្លោះពី ១៥ ទៅ៣០ដុល្លារ ប៉ុន្តែឥឡូវរុក្ខជាតិប្រភេទវល្លិ៍ម្យ៉ាងដែលកម្រនឹងដាំដុះនៅប្រទេសមួយចំនួន ក៏ដូចជាបណ្តាខេត្តរបស់កម្ពុជានោះ បាននិងកំពុងលូតលាស់ និងផ្តល់ទិន្នផលល្អ គុណភាពខ្ពស់ នៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត ស្ថិតក្នុងភូមិត្រពាំងស្កែ ឃុំត្រពាំងសង្កែ ដែលតម្លៃ ១គីឡូក្រាម អាចលក់ក្នុងតម្លៃជាង ១ពាន់ដុល្លារ។
លោក សរ វិចិត្រ បុគ្គលិកក្រុមហ៊ុន ហ្វាម លីង បានឱ្យដឹងថា វ៉ាន់នីឡា (Vanilla) ជារុក្ខជាតិដាំដុះបានដោយកម្រ ហើយវាជាដំណាំមួយប្លែកនៅកម្ពុជា។ ដាំណាំនេះត្រូវទាមទាភូមិសាស្ត្រ និងអាកាធាតុអំណោយផល ទើបវាផ្តល់ផលបានល្អ ប៉ុន្តែឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ជាង ១០ឆ្នាំមកនេះ លោកអាចនិយាយបានថា ក្រុមហ៊ុនដាំវ៉ាន់នីឡាទទួលបានជោគជ័យក្នុងការដាំដុំនៅចម្ការក្នុងស្រុកទឹកឈូ។ ដំបូងការដាំដំណាំវ៉ាន់នីឡានេះ ធ្វើឡើងតែចន្លោះពី ២០០ ទៅ ៣០០គុម្ព ដើម្បីធ្វើតេស្តពូជ ដែលនាំចូលមកពីបណ្តាប្រទេសផ្សេងៗគ្នា ហើយប្រភេទខុសៗគ្នា មានពូជខ្លះស្រួលថែទាំ និងពូជខ្លះពិបាកថែទាំ។ ប៉ុន្តែក្រោយសាកល្បងរួចមានតែពូជមួយប្រភេទប៉ុណ្ណោះដែលទទួលបានជោគជ័យ និងទទួលបានទិន្នផលល្អ គឺប្រភេទ “តាអ៉ីទី”។
លោកបានបញ្ជាក់ទៀតថា វ៉ាន់នីឡា ដាំនៅស្រុកទឹកឈូ ដាំលើផ្ទៃដីប្រមាណជាង ១ហិកតា ដែលសរុបជាគុម្ពវិញ បានប្រមាណជា ៦០០ទៅ ៧០០គុម្ព ដោយសារមានការបែងចែកជាប្លុកផ្សេងៗគ្នា។ ចំពោះទិន្នផលដែលប្រមូលបានគឺមិនទៀតទាត់ទេ ព្រោះឆ្នាំខ្លះបានល្អ ឆ្នាំខ្លះមិនបានល្អ បើឆ្នាំដែលទទួលបានទិន្នផលល្អ អាចប្រមូលផលបានចន្លោះពី ១៥គីឡូក្រាម ដល់ ២០គីឡូក្រាម អាចលក់បានតម្លៃជាង ១ពាន់ដុល្លារ ក្នុង ១គីឡូក្រាម។
លោក សរ វិចិត្រ ក៏បានបញ្ជាក់ដែរថា ផ្លែវ៉ាន់នីឡា មានតម្លៃដោយសារវាពិបាកថែទាំ និងប្រមូលផល ព្រោះត្រូវការមានអ្នកជំនាញមើលថែទាំចាប់តាំងពីពេលចេញផ្ការហូតដល់បានផ្លែលក់ ដោយប្រើរយៈពេលមួយឆ្នាំពេញ។ ចាប់តាំងពីពេលដើម វ៉ាន់នីឡា ចេញផ្ការហូតដល់ផ្លែទុំ ត្រូវរង់ចាំរហូតដល់រយៈពេល ៧ខែ ហើយក្រោយពេលផ្លែទុំ ត្រូវយកផ្លែវាទៅហាលថ្ងៃចន្លោះពី ២ម៉ោង និងបន្ទុំវានៅក្នុងស្បៃដែលមានការគ្របជិតល្អក្នុងរយៈពេល ២ទៅ៣ខែ រួចយកមកម៉ាស្សាដើម្បីឱ្យផ្លែវាឡើងជាតិប្រេង និងនិយាយជារួមចាប់ពីពេលផ្ការហូតដល់ផ្លែ ត្រូវប្រើរយៈពេល ១២ខែទើបបានលក់។
យោងតាមការបញ្ជាក់ពីអ្នកដាំរូបនេះថា ផ្លែវ៉ានីឡា គេអាចយកទៅធ្វើជាសូកូឡា ការ៉េម ចម្រាញ់យកប្រេងធ្វើជាទឹកអប់ អាចប្រើជាគ្រឿផ្សំធ្វើនំខួបកំណើតជាដើម។ វ៉ានីឡាវាជំនួយដល់សុខភាព និងផ្តល់ជាតិប្រូតេអ៉ីនខ្ពស់។
ក្នុងដំណើរទស្សកិច្ចសិក្សាស្វែងយល់នៅចម្ការ វ៉ាន់នីឡា លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យរៀបចំជាកន្លែងទទួលភ្ញៀវទេសចរ ដើម្បីឱ្យពួកគេបានសិក្សាអំពីរបៀបដាំ ថែទាំ និងប្រមូលផល ក៏ដូចជាដើរកម្សាន្តនៅទីតាំងចម្ការផ្ទាល់ដូចចម្ការម្រេចដែរ។
លោកក៏បានស្នើឱ្យក្រុមហ៊ុនបើកចិត្តទូលាយ ជួយបង្ហាតបង្ហាញបច្ចេកទេសដល់ប្រជាពលរដ្ឋណាដែលមានបំណងចង់ដាំដំណាំវ៉ាន់នីឡា ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន៕
អត្ថបទ៖ វង្ស សុធារម្យ



















