ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ សីហា ២០២៥
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ សីហា ២០២៥ ខណៈឆ្នាំ២០២៤ការប្រឡងបានធ្វើឡើងនៅថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់។
ស្របតាមការជូនដំណឹងរបស់ក្រសួងអប់រំស្ដីពីការបង្ខិតពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃនេះក្រសួងបានប្រកាសជាផ្លូវហើយ ដោយកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ទន្ទឹមនឹងការប្រកាសកំណត់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំបានបញ្ជាក់ឱ្យដឹងដែរថា ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងបានចេញប្រកាសលេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្រសួងបានឱ្យដឹងថា ដើម្បីអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពក្រសួងសូមធ្វើការណែនាំនូវគោលការណ៍មួយចំនួនសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ក្នុងនោះមានដូចជា ការទទួលពាក្យសុំចុះឈ្មោះប្រឡង ការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវធ្វើឡើងនៅតាមវិទ្យាល័យដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។សំណុំលិខិតចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវមានឯកសារដូចជា ពាក្យសុំចុះឈ្មោះប្រឡងរបស់បេក្ខជន ចំនួន១ច្បាប់ (បំពេញដោយដៃបេក្ខជនផ្ទាល់) វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ ចំនួន១សន្លឹក (ច្បាប់ថតចម្លង) សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ចំនួន១សន្លឹក (ច្បាប់ថតចម្លង) បង្កាន់ដៃបង់សិទ្ធិប្រឡង ចំនួន១សន្លឹក។
នាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាត្រូវប្រមូលសិស្សថ្នាក់ទី១២មកថតរូបដោយប្រើ Digital Camera ចាប់ផ្តើមក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ចំពោះសិស្សដែលមិនបានថតរូប មិនអនុញ្ញាតឱ្យប្រឡងឡើយ។
សូមរម្លឹកជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០ នាក់ ដោយបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩.៣៥៨នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២នាក់។
ចំពោះលទ្ធផលនៃការប្រឡងវិញគឺមានបេក្ខជនជាប់ចំនួន ១០៦.៣៥១នាក់ ស្មើនឹង៧៩% ក្នុងនោះបេក្ខជនជាប់និទ្ទេសA ចំនួន២២១៦នាក់ និទ្ទេសB មាន៩៧០១នាក់ និទ្ទេសC មាន ២២.៦៧៥នាក់ និទ្ទេសD មាន៣៦.៦៨៣នាក់ និងនិទ្ទេសE មានចំនួន៣៥.០៧៦នាក់៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ ឯកសារ