សង្គម

ក្រសួងសាធារណការ ផ្តើមស្ថាបនាលូប្រអប់ មុខកាត់២ម៉ែត្រ គុណនឹង២ម៉ែត្រ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង

image


បាត់ដំបង៖ ដើម្បីឆ្លើយតបតាមសំណូមពរជូនប្រជាពលរដ្ឋ ខណៈសង្កាត់ទួកតាឯក នៃក្រុងបាត់ដំបង ជួបនឹងបញ្ហាទឹកកខ្វក់នារដូវវស្សានោះ នាយកដ្ឋានសាងសង់ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត បានរៀបចំពិធីបើកការដ្ឋាននៃគម្រោងស្ថាបនាលូប្រអប់តាមបណ្តោយផ្លូវក្រុងលេខ៤០៩ ដែលមានមុខកាត់២ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង៩០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទទួលតាឯក ក្រុងបាត់ដំបង នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពីលោក ចៅ សុភ:ភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងមន្ទីរពាក់ព័ន្ធនានា និងតំណាងប្រជាពលរដ្ឋជាង២០០នាក់ ស្ថិតនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍទីក្រុង សំណង់អគារលំនៅឋាន ព្រមទាំងកំណើនប្រជាជន ដែលរស់នៅក្នុងក្រុងបាត់ដំបងទាំងមូលមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងជំនន់ទឹកភ្លៀង ដែលជាក្តីកង្វល់ដ៏ធំមួយ ទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយទាន់ពេលវេលា និងចំគោលដៅ ។

ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ បានសហការ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះសិក្សាពីលទ្ធភាព ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងស្តារប្រព័ន្ធរំដោះទឹកចេញពីក្រុងរបស់យើង ។

ជារបាយការណ៍លម្អិត យើងពិនិត្យឃើញថា ការរំដោះទឹកចេញពីក្រុងបាត់ដំបងផ្នែកខាងលិចស្ទឹងត្រូវពឹងផ្អែកលើបណ្តាញលូមេ ដែលប្រមូលទឹកចេញពីតំបន់ផ្លូវលេខ៤ ឆ្ពោះទៅកាន់ប្រឡាយកំពង់សីមា ដោយបច្ចុប្បន្ននេះ មិនទាន់មានប្រព័ន្ធរំដោះទឹក ដែលមានទំហំសមស្រប ទៅតាមបរិមាណទឹកភ្លៀង ដែលត្រូវរំដោះនៅឡើយ ។

ដូច្នេះ គម្រោងស្ថាបនាលូប្រអប់បណ្តោយផ្លូវក្រុងលេខ៤០៩ ដែលមានមុខកាត់២មx២ម ប្រវែង៩០០ម ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង គឺពិតជាមានសារៈសំខាន់សម្រាប់រំដោះទឹកចេញពីក្រុង និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រោះថា បើតំបន់យើងរស់នៅប្រចាំថ្ងៃជន់លិច ធ្វើឱ្យយើងពិបាកប្រាស្រ័យទាក់ទងគ្នា និងប្រកបជំនួញជួញដូរផ្សេងៗ និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងផងដែរ ។

ក្នុងឱកាសនោះលោក អភិបាលខេត្តបាត់ដំបង ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត ក៏មិនភ្លេចសំដែងនូវការគោរពដឹងគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានលះបង់កម្លាំងកាយចិត្តទាំងប្រាជ្ញា ស្មារតី ដើម្បីការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជា ពិសេសការបង្រួមបង្រួមជាតិ សន្តិភាព ស្ថិរភាពសង្គម ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិកន្លងមក ហើយត្រូវបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលបានបន្តការពារសន្តិភាព ស្ថិរភាពសង្គម និងអភិវឌ្ឍសេដ្ឋកិច្ចជាតិបន្ថែមទៀត សំដៅដល់ការសម្រាលទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់អាទិភាពខ្ពស់ក្នុងការគាំទ្រដល់ការងារសាងសង់ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាការសាងសង់ប្រព័ន្ធលូ ប្រឡាយរំដោះទឹកភ្លៀង និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នានាក្នុងក្រុងបាត់ដំបង ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់សុខភាពអនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពផងដែរ ៕

ដោយ៖ ឡាច សុគន្ធាវី