ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់របស់ប្រជាជនកម្ពុជា កើនឡើងដល់ ២.៧១៣ដុល្លារ ក្នុងឆ្នាំ ២០២៤
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា បានបង្ហាញភាពធន់ និងកំណើនប្រកបដោយស្ថិរភាព នៅឆ្នាំ ២០២៤ ដោយសម្រេចបាននូវអត្រាកំណើន ៦%។ នេះបើយោងតាមរបាយការណ៍របស់អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា។
វឌ្ឍនភាពសេដ្ឋកិច្ចនេះ បាននាំឱ្យមានការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យម ក្នុងមនុស្សម្នាក់ៗ កើនឡើងពី ២.៥២០ដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២.៧១៣ដុល្លារ ក្នុងឆ្នាំ ២០២៤។
អតិផរណានៅតែមានកម្រិតទាបត្រឹមតែ ០,៨%ប៉ុណ្ណោះ ខណៈដែលអត្រាប្តូរប្រាក់រៀលមានស្ថិរភាពក្នុងរង្វង់ ៤.០៧១រៀល ក្នុងមួយដុល្លារអាម៉េរិក។ លើសពីនេះទៀត ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២២,៥ពាន់លានដុល្លារ ដែលផ្តល់នូវការគ្របដណ្តប់គ្រប់គ្រាន់សម្រាប់រយៈពេលប្រហែល ៧ ខែនៃការនាំចូល។ ស្ថានភាពការងារក៏មានស្ថិរភាព ដែលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។
អង្គសន្និបាត បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។
ដោយផ្អែកលើមូលដ្ឋានការរីកចម្រើនក្នុងឆ្នាំ ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៥ ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ឆ្លងតាមការវិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ។
• ប្រព័ន្ធគាំពារសង្គម និងការកែលម្អកម្លាំងពលកម្ម
រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្ត «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ដែលរួមមានកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងការពង្រឹងសុខុមាលភាព។ ក្របខណ្ឌនេះ បានពង្រីកការគ្របដណ្តប់លើប្រព័ន្ធការពារសង្គម ដែលឥឡូវនេះផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៧លាននាក់ ដែលកើនឡើងជាងពីរដង បើធៀបកាលពីឆ្នាំ ២០១៧។
ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និវត្តជន និងអតីតយុទ្ធជនត្រូវបានដំឡើងមួយកម្រិតទៀត។
ព្រមជាមួយនេះ ជីវភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បានលើកកម្ពស់ជាលំដាប់តាមរយៈការពង្រឹងលក្ខខណ្ឌការងារ ការពង្រឹងរបបសន្តិសុខសង្គម និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០៨ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ ២០២៥។ នេះបើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោ ជិតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២២៥ ដល់ ២៣៦ដុល្លារ យ៉ាងតិចក្នុង១ខែ។
• ស្ថិរភាពសេដ្ឋកិច្ច និងទស្សនវិស័យកំណើន
អត្រាអតិផរណាទាប រូបិយប័ណ្ណមានស្ថិរភាព និងទុនបម្រុងអន្តរជាតិដ៏រឹងមាំ បញ្ជាក់ពីភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
កត្តាទាំងនេះ រួមជាមួយនឹងគោលនយោបាយរបស់រារដ្ឋាភិបាលល្អ ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនជាបន្តបន្ទាប់នៅឆ្នាំ ២០២៥ និងឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
ទន្ទឹមនឹងនេះ អង្គសន្និបាត បានបង្ហាញសុទិដ្ឋិនិយម ដោយកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច ការលើកកម្ពស់កម្រិតជីវភាព និងការកសាងប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ ដើម្បីធានាសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់៕