សង្គម

កសិករនៅខេត្តកំពង់ធំ បានយល់ពីអត្ថប្រយោជន៍សហគមន៍កសិកម្មទំនើប​ និងស្នើសុំក្រសួងចងក្រងច្បាប់ ដើម្បីចុះបញ្ជី ព្រមទាំងមានបំណងពង្រីកការដាំដុះពូជស្រូវក្រអូបក្នុងស្រុកឲ្យបានចំនួន ៣១៥៨ ហិកតា

image



ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ដល់ប្រជាកសិករថា សហគមន៍កសិកម្មទំនើប នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម ប្រការសំខាន់ត្រូវមានការសហការរួមគ្នា កសាងទំនុកចិត្តជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។

ក្រោយពីការពន្យល់ ប្រជាកសិករ យល់ឃើញពីផលប្រយោជន៍យូរអង្វែងរបស់សហគមន៍ទំនើបនេះ បានឯកភាពរួមគ្នាក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង និងស្នើសុំ លោករដ្ឋមន្ត្រីកសិកម្ម ក្នុងការចងក្រងច្បាប់ ដើម្បីចុះបញ្ជី ព្រមទាំងងាកមកដាំពូជស្រូវសែនក្រអូបដែលមាន ៥០០ហិកតាស្រាប់ និងបន្តពង្រីកសក្តានុពលនៃពូជក្នុងស្រុកនេះចំនួន ៣ ១៥៨ ហិកតានារដូវក្រោយក្នុងខែមេសានេះ ជាមួយនឹងកិច្ចសន្យាផលិតកម្ម និងមានតម្លៃទីផ្សារខ្ពស់។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានពន្យល់ប្រជាកសិករបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។

ទន្ទឹមនឹងនេះ ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីឌិត ទីណា បានបន្តបេសកកម្មចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក ក្នុងគោលបំណងពិនិត្យមើលសណ្ឋានភាពទឹកសម្រាប់ស្រែប្រាំងរបស់ប្រជាកសិករក្នុងស្រុកបារាយណ៍នេះ ដើម្បីកុំឱ្យមានការខ្វះខាត និងអាចគ្រប់គ្រងបានដោយមិនប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ៕

ដោយ៖ គង់ វណ្ណៈ