សង្គម

ប្រធានមន្ទីរសាធារណការ​ បញ្ជាក់ថា សកម្មភាពការកាយដីភ្នំនៅចំណុចអូរកប់អង្ករ​ គឺយកទៅចាក់ធ្វើផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ដ្រខេត្តប៉ៃលិន

image


ប៉ៃលិន៖ លោកប្រធានមន្ទីរសាធារណការ​ បានធ្វើការបញ្ជាក់ថា សកម្មភាពការកាយដីភ្នំនៅចំណុចអូរកប់អង្ករ​ គឺយកទៅចាក់ធ្វើផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ដ្រខេត្តប៉ៃលិន បន្ទាប់ពីមានពាក្យចរចាមអារ៉ាម​ថា «បើម្ចាស់ដីណាសុំច្បាប់កាយមិនបានទាក់ទងទៅខាងមេការ នៅខាងមន្ទីរសាធារណការ ពេលគេចុះធ្វើផ្លូវគេទៅជីកកកាយបានយ៉ាងរលូនដោយមិនបាច់សុំច្បាប់ឡើយ»។

ពាក់ព័ន្ធនឹងករណីនេះ ​លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានថ្លែងបញ្ជាក់ប្រាប់ CNC នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ថា សកម្មភាពកាយដីនៅជើងភ្នំ ចំណុចអូរកប់អង្ករ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គឺយកទៅជួសជុលផ្លូវមួយកន្លែងនៅចំណុចលូដាច់ ភូមិ-ឃុំខាងលើ ដែលកន្លងមកខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោកប្រធានមន្ទីរ បានអះអាងថា «មិនដូចការលើកឡើងថាមានការត្រូវរ៉ូវគ្នាជាមួយម្ចាស់ដី ដើម្បីជីកកាយជើងភ្នំនោះឡើយ ហើយមុន និងចុះកាយ ក៏បានជូនដំណឹងទៅខាងភូមិ-ឃុំ និងស្រុក រួចហើយដែរ ដោយមិនចេះតែចុះទៅជីកកកាយដីជើងភ្នំនោះទេ»។

សូមជម្រាបថា បច្ចុប្បន្នរដ្ឋបាលខេត្ត បានរឹតបន្តឹងយ៉ាងខ្លាំង ករណីកាប់ទន្ទ្រានដីព្រៃ ការជីកកកាយជើងភ្នំតូច-ធំ មិនអនុញ្ញាតឡើយ ហើយការកាយពង្រាបដី និងចាក់បំពេញអាចម៌ដី ក៏ត្រូវតែសុំច្បាប់អនុញ្ញាត ពីច្រកចេញចូលតែមួយរបស់ក្រុង-ស្រុក និងច្រកចេញចូលរបស់ខេត្ត បើទ្រង់ទ្រាយធំ។ ជាមួយ នឹងការរឹតបន្តឹងនេះ គេសង្កេតឃើញសកម្មភាពគ្រឿងចក្រ ដែលពីមុនធ្លាប់ជីកកកាយជើងភ្នំត្រូវបានផ្អាក នៅតែខាងមន្ទីរសាធារណការ និងដឹកជញ្ជូនប៉ុណ្ណោះ ដែលជីកកកាយ និងដឹកយកទៅចាក់ធ្វើផ្លូវ ដែលខូចខាតកាលពីជំនន់ទឹកភ្លៀងកន្លងមក៕

អត្ថបទ៖ សុខ វិច្ឆ័យ