សង្គម

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បាននាំចូលទូរថភ្លើងដឹកទំនិញថ្មីចំនួន៤៤គ្រឿងបន្ថែម ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញឱ្យកាន់តែល្អជាងមុន

image


ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប បាននាំចូលទូរថភ្លេីងដឹកទំនិញថ្មីចំនួន ៤៤ គ្រឿងបន្ថែមពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញឱ្យកាន់តែល្អជាងមុន។ ទូរថភ្លើងទាំងនេះបានមកដល់ដោយជោគជ័យនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។

ទាំងនេះគឺជាការបោះជំហានទៅមុខដ៏សំខាន់មួយ នៅក្នុងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែកប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។

ការបញ្ជាទិញនេះ ក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការបង្កើនទូរថភ្លើងដឹកទំនិញសរុបចំនួន២២១គ្រឿង ដែលបានមកដល់ដោយជោគជ័យសរុប១៤០គ្រឿងហើយ គិតត្រឹមថ្ងៃនេះ។

នេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រ ក្រោមគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។

សូមជម្រាបផងដែរថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនរូយ៉ាល់រេលវេ បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មតាំងពីឆ្នាំ ២០១០ បន្ទាប់ពីវាបានបញ្ចប់ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកទាំងខ្សែខាងត្បូង និងខាងជើង ដើម្បីធានាជូននូវសុវត្ថិភាព ភាពជឿជាក់ និងការពេញចិត្តរបស់អតិថិជន។

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់តម្រូវការដឹកជញ្ជូនទំនិញទូទៅក្នុងប្រទេស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ថ្មីៗនេះ គេសង្កេតឃើញប្រជាជនខ្មែរ និងទេសចរបរទេសកាន់តែច្រើន នាំគ្នាជិះរថភ្លើងទៅកាន់បណ្តាខេត្តនានាៗក្នុងប្រទសកម្ពុជា។ ការកើនឡើងនៃការចំនួនអ្នកដំណើរតាមរថភ្លើងនេះ ដោយសារពួកគាត់យល់ឃើញថា ការធ្វើដំណើរតាមរថភ្លើងមានភាពងាយស្រួល មានសុវត្ថិភាព ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ រីឯសំបុត្រក៏មានតម្លៃទាប និងអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវថែមទៀតផង។

សូមជម្រាបថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង កាលពីពេលថ្មីៗនេះបាននាំចូលទូរថភ្លេីងជាច្រេីនគ្រឿងពីប្រទេសជប៉ុន ដែលទូររថភ្លេីងប្រភេទថ្មីទំនើបនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ ជាមួយកៅអីអង្គុយងាយស្រួល និងផាសុខភាពផងដែរ។

តាមរយៈវត្តមានទូររថភ្លើងថ្មីនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា វាក៏នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញចេញចូលកម្ពុជាមានសន្ទុះកាន់តែខ្លាំង ដោយសារការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃសមរម្យ កាត់បន្ថយថ្លៃដើម ហើយអាចដឹកទំនិញបានច្រើន៕

ដោយ ៖ ប៉ៃ សុឃីម