សង្គម

រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងអភិបាលរាជធានីភ្នំពេញ​ ចុះសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែ​ត្រ ដើម្បីរកមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

image


ភ្នំពេញ៖​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោ​ ប៉េង ពោធិ៍នា និង​លោក​ ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ​ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យ​ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែ​ត្រ​ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។​ ការចុះសិក្សានេះ​ បន្ទាប់ពីផ្លូវនេះកេីតមាននូវគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នា​ បណ្តាលឱ្យមានមនុស្សស្លាប់​ និងរបួសជាច្រេីននាក់រួចមក។

ក្រោយចុះត្រួតពិនិត្យ​ នៅសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ និងរដ្ឋបាលរាជធានីភ្នំពេញ​ បានឯកភាពគ្នាមួយ ដោយសម្រេចបង្កើនកម្លាំងនគរបាល​ រួមនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍​ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ​ ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ​ និងខណ្ឌដង្កោ។

ពាក់ព័ន្ធការងារខាងលើ​ លោក​ សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ រាជធានីភ្នំពេញ​ បានបញ្ជាក់ឲ្យដឹងថា​ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រ​ (សម្ដេចតេជោ​ ហ៊ុន សែន)​ ខាងលើ​ លោក​ ប៉េង ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ និង​លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានឯកភាពគ្នាលើចំណុចមួយចំនួន រួមមាន​ នៅលើកំណត់ផ្លូវ​ ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងនគរបាល​ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺ​ កម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ​ និងតឹងរឹងជាងមុន។

ក្រៅពីនេះ​ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី​ និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត និបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងពេលថ្ងៃ។

លោកប្រធានមន្ទីរ​ បានបន្តថា​ ការដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន គឺចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាស (មរតកតេជោ)​ អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែស​ កំណត់ល្បឿន៦០គីឡូម៉ែត្រ
ក្នុងមួយម៉ោង។

ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រី​ និងអភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់​ ត្រូវគោរពគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចៀសវាងឲ្យបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ លើបណ្តោយផ្លូវ៦០ម៉ែត្រនេះ៕