ជោគវាសនានយោបាយប្រធានាធិបតីកូរ៉េខាងត្បូងហាក់ធីងធោងនៅចន្លោះការខឹងក្រោធ និងការរិះគន់ពីមហាជនរបស់ខ្លួន
កូរ៉េខាងត្បូង៖ ជោគវាសនានយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន ស៊ុក យ៉ូល កំពុងតែស្ថិតនៅលើប៉ូលធីងធោងមួយនៃចន្លោះការរិះគន់ និងការខឹងក្រោធពីសំណាក់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ស្របពេលដែលក្រុមអ្នកសង្កេតការណ៍បានព្រលយពាក្យថា លោកប្រធានាធិបតីហាក់មិនទំនងជាចង់ចុះចេញពីតំណែងនោះឡើយ បើទោះបីជាមានការលេចចេញឡើងនូវការប៉ុនប៉ងពីសំណាក់គូប្រជែងធ្វើការចោទប្រកាន់ផ្លូវការទៅលើរូបលោកយ៉ាងណាក្តី។
ដោយយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះបន្ថែមទៀតថា នៅកណ្តាលទីក្រុងសេអ៊ូលមានប្រជាពលរដ្ឋជាច្រើនពាន់ម៉ឺននាក់បាននំាគ្នាធ្វើដំណើរព្យុះហយាត្រានៅតាមដងផ្លូវ ដើម្បីសម្តែងការមិនពេញចិត្តទៅនឹងលោកប្រធានាធិបតី ដោយពួកគេទំាងអស់នោះប្រាថ្នាចង់ឱ្យលោកប្រធានាធិបតីចុះចេញពីតំណែង។
ពាក់ព័ន្ធនឹងជោគវាសនានយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងនេះដែរ សាស្រ្តាចារ្យឯកទេសវិទ្យាសាស្រ្តនយោបាយមួយរូបឈ្មោះ យ៉ុង ចូលហា(Yong-Chool Ha) បានលើកឡើងថា លោកយ៉ុន អាចនឹងជឿជាក់ថា ទង្វើរបស់លោកត្រឹមត្រូវ ព្រោះការប្រកាសដាក់ច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លី ដែលជំរុញឱ្យសភាបើកកិច្ចប្រជុំជាបន្ទាន់ ដែលពេលនោះហើយ បង្ខំឱ្យលោកប្រកាសដកច្បាប់អាជ្ញាសឹកនោះចេញវិញ ក្នុងរយៈពេលមិនដល់មួយចំអិនកំពឹសឡើយ។
លោកសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយរូបនេះបានគូសបញ្ជាក់បែបសង្កេតឃើញទៀតថា លោក យ៉ុន ហាក់ទំនងជាមិនចង់ទទួលយកនូវកំហុសរបស់ខ្លួនឡើយ ស្របពេលអ្នកសង្កេតការណ៍លើការវិវត្តចុងក្រោយបានលើកឡើងបន្ថែមដែរថា ការដឹកនំារបស់លោកយ៉ុន អាចនឹងមានការប្រែប្រួលមិនអាចចៀសផុតបានឡើយ។
បើផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងឯណោះវិញបានឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃសុក្រនេះដែរថា ដំណើរក្តីនៅតុលាការអាចនឹងត្រូវចំណាយពេលរាប់សិបខែបន្តទៀត ខណៈគេមើលឃើញលោកប្រធានាធិបតីយ៉ុន អាចនឹងមិនសូវខ្វាយខ្វល់លើសមរភូមិច្បាប់នេះឡើយ ព្រោះថា លោកយ៉ុនធ្លាប់មានសាវតារជាមេធាវី និងរដ្ឋអាជ្ញារយៈពេល២៧ឆ្នំាមុនពេលលោកក្លាយមកជាប្រធានាធិបតីដូចបច្ចុប្បន្ននេះ។
ដើម្បីអាចធ្វើការចោទប្រកាន់លើរូបលោកប្រធានាធិបតីយ៉ុន ពីសំណាក់សមាជិកសភាបក្សជំទាស់នោះបាន លុះត្រាតែគណបក្សជំទាស់ត្រូវការសម្លេង២ភាគ៣ ទើបអាចអនុម័តិបើកផ្លូវចោទប្រកាន់បាន ទៅតាមផ្លូវតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ព្រោះដំណើរក្តីនេះ អាចនឹងត្រូវអូសពេលអាចឡើងដល់ទៅ១៨០ថ្ងៃឯណោះ។
តាមពិតទៅរឿងរ៉ាវដ៏សោកសៅរបស់កូរ៉េខាងត្បូងនេះ មិនមែនជារឿងថ្មីទេ បើផ្អែកតាមប្រវត្តិសាស្រ្តបានបង្ហាញថា ប្រទេសនេះធ្លាប់ឆ្លងកាត់ភាពអន្ធការច្រើនមកហើយ រាប់ទំាងរបបផ្តាត់ការយោធា បានអូសបន្លាយពេលដល់ទៅ៣ទសវត្សរ៍ បង្កឱ្យមានភាពឃោរឃៅ និងការសង្កត់សង្កិន។
ជារួមប្រជាជាតិមួយនេះ អាចនិយាយបានថា ទើបតែមានលទ្ធិប្រជាធិបតេយ្យលើកដំបូងរបស់ខ្លួនតាមរយៈការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នំា១៩៨៨កន្លងទៅ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNA/Reuters/Other