សង្គម

អភិបាលខេត្តរតនគិរី រំពឹងថាកំណាត់ផ្លូវ២៣ ដែលកំពង់សាងសង់សារជាថ្មី នឹងរួចរាល់ជាចំណងដៃជូនប្រជាពលរដ្ឋ មុនចូលឆ្នាំសកល

image


រតនគិរី ៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រំពឹងថា កំណាត់ផ្លូវ លេខ ២៣ ដែលកំពុងសាងសង់សារជាថ្មីនឹងរួចរាល់ជាស្ថាពរ ជាចំណងដៃជូនប្រជាពលរដ្ឋប្រើប្រាស់មុនចូលឆ្នាំសកល។  ការការរំពឹងរបស់លោកអភិបាលខេត្ត គឺ បានលើកឡើង នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ បច្ចេកទេសចុះពិនិត្យ ការដ្ឋានកំពុងសាងសង់ផ្លូវក្រាលកៅស៊ូ (DBST) មួយខ្សែរបស់ក្រុមហ៊ុនយ៉ាងមមាញឹក ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ព្រឹកថ្ងៃទី ៤ខែធ្នូ ឆ្នាំ២០២៤ ។ នៅក្នុងឱកាសចុះពិនិត្យនេះ លោក អភិបាលខេត្ត បានជួបចំណេះសំណាលនិង សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នោះអំពីផលលំបាកនាពេលកន្លងមក ក្នុងការធ្វើដំណើរដឹកកសិផលនានា ក៏ដូចជាការទៅទីផ្សារ សិស្សសាលារៀនជាដើម ។

បន្ទាប់ពីបានសួរសុខទុក្ខនិងសំណេះសំណាលរួចមក
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវដែលកំពុងសាងសង់នេះ ឱ្យជួយសហការគ្នា ជាមួយអាជ្ញាធរ និងក្រុមការងារដែលសាងសង់ ឱ្យបានល្អប្រសើរ ដើម្បីពន្លឿននៃការសាងសង់ ឆាប់បានប្រើប្រាស់ប្រកបមុខរបរដោយរលូនឡើងវិញនៅមុនថ្ងៃចូលឆ្នាំសកលខាងមុខនេះ ដោយលោករំពឹងថាការសាងសង់យ៉ាងមមាញឹកបែបនេះ កំណាត់ផ្លូវលេខ២៣ នេះនឹងរួចរាល់ជាស្ថាពរមុនថ្ងៃចូលឆ្នាំសកល។

ជាមួយគ្នានេះដែរ លោក ម៉ង់ ទែក ប្រធានការិយាល័យ លទ្ធកម្មខេត្តបានឲ្យដឹងថា ផ្លូវ មួយខ្សែនេះ ជាគម្រោង របស់រដ្ឋបាលខេត្ត ប្រើកញ្ចប់ថវិកាឆ្នាំ ២០២៤ ប្រវែង ៩៦០ ម៉ែត្រ មានទទឹង ១១ ម៉ែត្រ លើកំណត់ផ្លូវលេខ ២៣ ចាប់ពីកែងផ្លូវលេខ ៤២២ ដល់កែងផ្លូវ លេខ ៧៨-៥ ។ ហើយការស្ថាបនាផ្លូវមួយខ្សែនេះ គឺធ្វើជាប្រភេទផ្លូវក្រាលកៅស៊ូ  DBST ( ២ ជាន់ ) ប្រើការសាងសង់រយៈពេល ១៤០ថ្ងៃ ដោយក្រុមហ៊ុន ហ៊ីម រតន ឌីវេឡុបមេន  និងមានការត្រួតពិនិត្យបច្ចេកទេស ការសាងសង់ផ្លូវនេះដោយ វិស្វករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។

លោក ប្រធានការិយាល័យរូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្នផ្លូវនានា នៅក្នុងក្រុងបានលុង ត្រូវបានរដ្ឋបាលខេត្តរៀបចំគម្រោងសាងសង់ និង ជួសជុលជាបន្តបន្ទាប់ ក្រោមការដឹកនាំ របស់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេស ដូចជាផ្លូវនៅជុំវិញមាត់បឹងកន្សែង និង ផ្លូវមួយចំនួននៅក្នុងក្រុង ដែលជាគម្រោង របស់រដ្ឋបាលខេត្ត គឺ លោក អភិបាលខេត្ត បានចុះត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីវាយតម្លៃក្នុងការស្ថាបនាសាងសង់ ជូនប្រជាពលរដ្ឋដើម្បីងាយស្រួល ក្នុងការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ ឬ ទៅផ្សារជាដើម។ ជាពិសេសគឺជាការលើកម្ពស់មុខមាត់ខេត្ត ដើម្បីប្រកួតប្រជែងស្របពេលដែលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍន៍ ៕

ដោយ ៖ ប៉េស សារី