ក្រុមអាជីវករផ្សារបឹងឈូក មានតូបនៅខាងក្រៅផ្សារ បានចូលទៅលក់ដូរជាបណ្តើរៗហើយ ខណៈអាជីវករនៅខាងក្រោម និងជាន់ទី១ មិនទាន់អនុញ្ញាតឱ្យចូលលក់នោះទេ

បាត់ដំបង៖ អស់រយៈពេលជិត១ខែកន្លងមក បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្សារបឹងឈូក មានទីតាំងស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតមកទល់ពេលនេះ ក្រុមអាជីវករផ្សារ ដែលមានតូបនៅជាប់តួផ្សារប៉ែកខាងក្រៅ បានចូលមករៀបចំតូបលក់ដូររបស់ខ្លួនជាបណ្តើរៗហើយ ក្រោយពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសាងសង់ និងជួសជុលផ្សារ ដែលឆេះជូនអាជីវករបានលក់ដូរឡើងវិញ ។
អ្នកស្រី ឌុច ស៊ីដែន ជាអាជីវករកាត់ដេរនៅផ្សារបឹងឈូក បានឱ្យដឹងថា អ្នកស្រី និងអាជីវករផ្សេងទៀត ដែលមានតូបជាប់តួផ្សារប៉ែកខាងក្រៅ បានចូលមករៀបចំលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ២០២៤មកម្លេះ បន្ទាប់ពីអាជ្ញាធរខេត្តបាត់ដំបង បានហៅអាជីវករទៅស្រង់ឈ្មោះតាមនិតិវិធី ដើម្បីបានសិទ្ធិកាន់កាប់តូបមួយជីវិត និងតកូនតចៅ ។
អ្នកស្រីបន្ថែមថា អាជីវករដែលមានតូបជាប់តួផ្សារបឹងឈូកផ្ទាល់ និងអាជីវករលក់ដូរប៉ែកខាងក្រៅ ត្រូវបានរៀបចំចូលលក់ដូរឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែមិនទាន់មានការតភ្ជាប់អគ្គិសនីឱ្យប្រើប្រាស់នៅឡើយទេ សម្រាប់អ្នកស្រីបានតភ្ជាប់អគ្គិសនីពីផ្ទះប្រជាពលរដ្ឋ ដែលជាអាជីវករដូចគ្នានៅខាងមុខផ្សារ ដើម្បីប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ដោយឡែក អាជីវករដែលមានតូបខាងក្រោមផ្សារ និងជាន់ទី១ មិនទាន់អនុញ្ញាតិឱ្យលក់ដូរនោះទេ គឺនៅរង់ចាំអាជ្ញាធររៀបចំជូនអាជីវករតាមលំដាប់លំដោយរួចរាល់សិន ។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធនៅកំពុងបន្តធ្វើការកំណត់អត្តសញ្ញាណកម្មអាជីវករ និងកំណត់អត្តសញ្ញាណកម្មតូបរបស់អាជីវករជាក់ស្តែងនៅឡើយតាំងពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមក គឺមិនទាន់ចប់នៅឡើយទេ ដើម្បីឱ្យដឹងច្បាស់អំពីតួលេខពិតប្រាកដអ្នកណាជាម្ចាស់តូប អ្នកណាជួលតូបលក់បន្ត ។
លោក អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា ចំនួនតូបជាន់ទី១នៃផ្សារបឹងឈូក ដែលត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងចំនួន១៤៨តូប និងតូបនៅជាន់ក្រោម មានចំនួន២៥២តូប ។
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានបន្តថា អាជ្ញាធរមិនទាន់អនុញ្ញាតិឱ្យអាជីវករចូលទៅលក់ដូរក្នុងផ្សារនៅឡើយទេ ដោយរង់ចាំថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់កងវិស្វិកម្មចុះមកពិនិត្យ និងសិក្សាច្បាស់លាស់សិន ទើបសម្រេចតាមក្រោយ នឹងបានជម្រាបជូនដល់ក្រុមអាជីវករបានយល់ដឹងអស់ហើយ ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសសាងសង់ផ្សារបឹងឈូកឡើងវិញ ខណៈដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៩ខែវិច្ឆិកា ។
សម្តេចបវរធិបតីបានប្រកាសថា សម្រាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើមទាំងជាន់ផ្ទាល់ដី ជាន់ទី១ និងផ្សារតូច ស្ថិតនៅពីក្រោយផ្សារ រដ្ឋនឹងផ្តល់សិទ្ធិកាន់កាប់អាស្រ័យផលលើតូបថ្មីនេះអស់មួយជីវីត តកូនតចៅ និងមិនតម្រូវឱ្យបង់ថ្លៃជួលតូបប្រចាំខែទៀតនោះទេ សម្រាប់អ្នកជួលបន្តចំនួន២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយ ។
ដោយឡែកអ្នកជួលបន្តនៅជាន់ខាងក្រោម ដែលមិនរងការឆេះ និងអ្នកជួលបន្តនៅផ្សារខាងក្រោយ រដ្ឋបាលខេត្តបាត់ដំបង នឹងពិភាក្សាគ្នា ដើម្បីជួយពួកគាត់តាមលទ្ធភាព និងលើកយោបល់ជូនសម្តេចនៅពេលក្រោយទៀត ៕
ដោយ៖ គួយ គឹមស៊ន





