ព័ត៌មានអន្តរជាតិ

ចិនកាត់ទោសអ្នកសារព័ត៌មានឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ ជុំវិញបទចោទអំពើចារកម្ម

image


ចិន៖ នៅថ្ងៃសុក្រម្សិលមិញ អតីតអ្នកសារព័ត៌មានរបស់បណ្តាញផ្សព្វផ្សាយរដ្ឋចិនម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ពាក់ព័ន្ធនឹងបទអំពើចារកម្ម។


តាមការបញ្ជាក់របស់គ្រួសារ លោកដុង យូយូ (Dong Yuyu) ដែលបច្ចុប្បន្នមានអាយុ ៦២ឆ្នាំបានឱ្យដឹងថា លោកត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនតាំងតែពីឆ្នាំ ២០២២ អំឡុងពេលកំពុងញ៉ាំអាហារថ្ងៃត្រង់ជាមួយអ្នកការទូតជប៉ុននៅទីក្រុងប៉េកាំង ដែលកាលនោះលោកគឺជាផលិតករព័ត៌មានជាន់ខ្ពស់របស់កាសែត Guangming Daily ដែលជាកាសែតធំមួយក្នុងចំនោមកាសែតធំៗទាំងប្រាំដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន។។


ក្នុងជីវិតជាអ្នកសារព័ត៌មានពេលកន្លងទៅ លោកដុង យូយូ តែងធើ្វការសកម្មជាមួយបណ្តាញសារព័ត៌មានរបស់សហរដ្ឋអាម៉េរិកនិងជប៉ុន ហើយនិងមានបេសកម្មជួបជាមួយមន្រ្តីទូតបរទេសជាញឹកញាប់ផងដែរ។


ប្រភពពីគ្រួសាររបស់លោកបានបន្ថែមឱ្យដឹងថា តុលាការចិនបានអះអាងចោទប្រកាន់មន្រ្តីទូតជប៉ុនចំនួនពីររូបដែលលោក ដុង យូយូ បានជួបពិភាក្សាក្នុងភោជនីយដ្ឋាននៅអំឡុងពេលចាប់ខ្លួននោះ "ថាជាភ្នាក់ងារអង្គការចារកម្ម" ខណៈអ្នកទាំងពីរនោះត្រូវបានគេស្គាល់ថា ជាបុគ្គលិករបស់ស្ថានទូតជប៉ុននៅទីក្រុងប៉េកាំង។


គ្រួសាររបស់លោកដុងបានសម្តែងការតក់ស្លត់ដែលអាជ្ញាធរចិនហាក់បានចាត់ទុកស្ថានទូតបរទេសក្នុងទឹកដីរបស់ខ្លួន ថាជាអង្គការចារកម្មដោយមិនមានភស្តុតាងច្បាស់លាស់ ហើយនិងបានហៅសាលក្រមរបស់តុលាការពេលនេះ ថាជារឿងដ៏អយុត្តិធម៌សម្រាប់លោកដុងនិងក្រុមគ្រួសារ និងថែមទាំងចំពោះអ្នកសារព័ត៌មានចិនទាំងអស់ ដែលខិតខំបំពេញការងាររបស់ខ្លួនតាមបែបវិជ្ជាជីវៈ ក្នុងគោលដៅភ្ជាប់ទំនាកទំនងល្អជាមួយពិភពលោកខាងក្រៅ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ BBC News