សង្គម

រកឃើញកូនក្រពើភ្នំញាស់ថ្មី​ ៣ក្បាល នៅតាមដងទន្លេស្រែពក នៃខេត្តមណ្ឌលគិរី

image


មណ្ឌលគិរី៖​ ជាដំណឹងដ៏រីករាយសម្រាប់អ្នកអភិរក្សសត្វក្រពើភ្នំ​ បន្ទាប់ពីបានសិក្សាស្រាវជ្រាវជីវៈចម្រុះដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF កម្ពុជា បានរកឃើញកូនក្រពើភ្នំញាស់ថ្មីចំនួន ៣ក្បាល អាយុប្រហែល៦ខែ នៅតាមដងទន្លេស្រែពកក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។


អ្នកអភិរក្ស​ បានឱ្យដឹងថា​ លំហូរទឹកដងទន្លេស្រែពកដែលមានប្រភពមកពីតំបន់ភ្នំប្រទេសវៀតណាម ហូរចូលមកប្រទេសកកម្ពុជាកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចាក់ចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានអ្នកអភិរក្សជាតិ និងអន្តរជាតិ​ ចាត់ទុកថា ជាជម្រកមច្ឆាជាតិដ៏សម្បូរបែប និងជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជជាច្រើនប្រភេទនៅកម្ពុជា។


តាមដងទន្លេស្រែពកដែលភាគច្រើនក្រាលទៅដោយថ្ម និងមានអន្លង់ជ្រៅៗ មានប្រភេទព្រៃលិចទឹក និងអមទៅដោយដើមឈើតូចធំជាច្រើនតាមដងទន្លេរជាជម្រកដ៏សំខាន់ទាំងក្នុងរដូវវស្សា និងរដូវប្រាំងសម្រាប់ពពួកមច្ឆាជាតិគ្រប់ប្រភេទ និងជាទីជម្រកដ៏សុខសាន្តរបស់សត្វក្រពើភ្នំជិតផុតពូជក្នុងពិភពលោក​ ផងដែរ។


សូមបញ្ជាក់ថា​ កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមអ្នកសិក្សាស្រាវជ្រាវរបស់ដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហកាជាមួយអង្គការWWF កម្ពុជា ក៏ធា្លប់បានឃើញកូនក្រពើភ្នំចំនួន ៨ក្បាល និងមេរបស់វាផងដែរ នៅតំបន់ទន្លេស្រែពក។


ក្រពើភ្នំ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក។ នាពេលបច្ចុប្បន្នក្រពើភ្នំមានប្រមាណ ១ពាន់ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជាមានក្រពើភ្នំច្រើនជាងគេ សល់ចន្លោះពី ២០០ ទៅ ៤០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់អារ៉ែង និងដែនជម្រកសត្វព្រៃស្រែពក នៃប្រទេសកម្ពុជា៕