សូមថែរក្សាសុខភាព! អាកាសធាតុចាប់ផ្តើមចុះត្រជាក់ និងមានខ្យល់បក់ខ្លាំង
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើកម្ពុជា បានថយឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ ម៉ែត្រ/វិនាទី។
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី។
ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕