ព័ត៌មានអន្តរជាតិ

ចិន និយាយថា ពលរដ្ឋខ្លួនដែលជាអតីតអ្នកទោសអាម៉េរិកចំនួន ៣នាក់ បានវិលត្រឡប់មកកាន់មាតុភូមិវិញហើយ

image


ចិន៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ពលរដ្ឋចិនជាអតីតអ្នកទោសក្នុងពន្ធនាគាររបស់អាម៉េរិកចំនួន ៣នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពនិងបានវិលត្រឡប់មកកាន់ប្រទេសកំណើតដោយសុវត្ថិភាព បន្ទាប់ពីសហរដ្ឋអាម៉េរិកនិងចិនបានព្រមព្រៀងគ្នាក្នុងការដោះដូរអ្នកទោសសរុបចំនួន ៦នាក់កាលពីពេលថ្មីៗ។


អ្នកនាំពាក្យដដែលនេះបានបន្តបញ្ជាក់ពីឆន្ទៈរបស់ចិនថា នឹងបន្តកិច្ចខិតខំក្នុងការសម្របសម្រួលជាមួយអាម៉េរិក ដើម្បីឱ្យមានការដោះដូរអ្នកទោសបន្ថែមទៀតនៅពេលខាងមុខ សម្រាប់ជាការស្តារកិច្ចទំនាក់ទំនងដែលកំពុងធ្លាក់ចុះរវាងប្រទេសទាំងពីរ។


ជាការឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ជុំវិញវិធានការណែនាំរបស់អាម៉េរិកដែលបានប្រាប់ឱ្យពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នក្នុងការធើ្វដំណើរកម្សាន្តមកកាន់ប្រទេសចិន លោកស្រី Mao Ning បានថ្លែងសង្កត់ធ្ងន់ពីគោលជំហររបស់ចិនដែលតែងព្យាយាមបញ្ចៀសការប្រើប្រាស់ ”វិធានការអាវុធមុខពីរ” ក្នុងការតបតទៅនឹងសហរដ្ឋអាម៉េរិក ហើយសង្ឃឹមថាអាម៉េរិកនឹងខិតខំចូលរួមបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងប្រជាជនរវាងប្រទេសទាំងពីរឱ្យមានភាពប្រសើរឡើងជាងនេះ។


នៅក្នុងការដោះដូរអ្នកទោសខាងលើនេះ ប្រទេសចិនបានដោះលែងពលរដ្ឋសញ្ជាតិអាម៉េរិកចំនួន ៣រូប រួមមាន លោកម៉ាក ស្វីដាន (Mark Swidan) លោកខាយ លី (Kai Li) និងលោក ចន ល័ង (John Leung) ខណៈអ្នកទាំងបីរូប ទើបបានធើ្វដំណើរត្រឡប់មកកាន់សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធកន្លងទៅ ៕


ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ BBC/ CNN/ Others (រូបថតបុគ្គលទាំងបីរូបខាងក្រោមនេះ ជារូបថតពលរដ្ឋសញ្ជាតិអាម៉េរិក ខណៈពលរដ្ឋចិនមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ) ។