ព័ត៌មានអន្តរជាតិ

ចិន ស្នើតុលាការ ICC ឱ្យធានាភាពត្រឹមត្រូវ និងយុត្តិធម៌ ក្រោយចេញដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា

image


ចិន៖ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដីកាចាប់ខ្លួនមេដឹកនាំភូមារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អ្នកនាំពាក្យការបរទេសចិន លោកស្រី Mao Ning បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា បេសកម្មរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ត្រូវតែធានាឱ្យបាននូវ "ភាពត្រឹមត្រូវ និងយុត្តិធម៌" និងអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន "ដោយការប្រុងប្រយ័ត្ន" ដើម្បីជៀងវាងការប្រើប្រាស់ឥទ្ធិពលខុសឆ្គងទៅលើបណ្តាប្រទេសដទៃ។


គួររម្លឹកថា កាលពីថ្ងៃពុធកន្លងទៅ ប្រធានរដ្ឋអាជ្ញានៃតុលាការ ICC បានធើ្វការស្នើសុំឱ្យមានដីកាចាប់ខ្លួនមេដឹកនាំរបបសឹកភូមា គឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជុំវិញបទចោទទាក់ទិននឹងអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅលើក្រុមពលរដ្ឋជនជាតិដើមភាគតិចអម្បូររ៉ូហ៊ីងយ៉ា។


នៅក្នុងសំណើមួយនោះ ប្រធានរដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បានចោទប្រកាន់ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ថាជា “អ្នកទទួលសុខត្រូវចំពោះអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា” ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្នែកខ្លះនៃទឹកដីប្រទេសបង់ក្លាដេស្ហ គិតចាប់តាំងពីចន្លោះថ្ងៃទី ២៥ ខែសីហា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧។


គេសង្កេតឃើញថា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលបច្ចុប្បន្នមានអាយុ ៦៨ឆ្នាំ កម្រធើ្វការបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសឆ្ងាយៗក្រៅតែពីបណ្តារដ្ឋក្នុងតំបន់មួយចំនួន ដូចជាប្រទេសចិននិងរុស្ស៊ីជាដើម។ នៅពេលថ្មីៗនេះ លោកបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមួយក្នុងទឹកដីប្រទេសចិន ដោយផ្តោត សំខាន់អំពីបញ្ហាជម្លោះនយោបាយនៅភូមា និងបានធើ្វឡើងក្រោមវត្តមានរបស់នាយករដ្ឋមន្រ្តីចិន កម្ពុជា និងថៃឡង់ដ៍ ដោយរួមគ្នាសម្តែងការគាំទ្រចំពោះផែនការដំណោះស្រាយរបស់លោក ដែលសន្យានឹងរៀបចំឱ្យមានការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំ ២០២៥ ហើយបានអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសមួយនេះបញ្ចប់ការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែន៕


ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Others