សង្គម

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្ទៀងផ្ទាត់ និងប្រកាសលទ្ធផលប្រឡង សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ នៃវិញ្ញាសាប្រឡងសរសេរលើកទី១

image


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល នាវេលាថ្ងៃត្រង់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ ២០២៤នេះ បានអញ្ជើញផ្ទៀងផ្ទាត់ និងប្រកាសលទ្ធផលនៃការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី១ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ដែលបានប្រឡងជាប់ ១៥៤នាក់ និង បេក្ខជនសិស្សមន្ត្រីក្រមការ ៥៨៣នាក់ បានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១។

យោងតាមទិន្នន័យរបស់គណៈកម្មការរៀបចំការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី១ សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និង សិស្សមន្ត្រីក្រមការជំនាន់ទី១១ ដើម្បីបានចូលរៀននៅសាលាភូមិន្ទរដ្ឋបាល បានឲ្យដឹងថា សម្រាប់វិញ្ញាសាសរសេរលើកទី១ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ បានប្រឡងជាប់សរុបចំនួន១៥៤នាក់ មានស្រី៥៤នាក់ ។

រីឯសិស្សមន្រ្តីក្រមការជំនាន់ទី១១ បានប្រឡងជាប់សរុបចំនួន ៥៨៣នាក់ ក្នុងនោះមានស្រី១៥៦នាក់ ។ សម្រាប់វេនទី១៖ មានសិស្សសរុបចំនួន ៣៧៥នាក់ ស្រី១០៣នាក់ និងវេនទី២៖ មានសិស្សសរុបចំនួន ២០៨នាក់ ស្រី៥៣នាក់ ។

បេក្ខជនដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី ១ ទាំងសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ត្រូវត្រៀមខ្លួនសម្រាប់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២ ដែលក្រសួងមុខងារសាធារណៈនឹងជូនដំណឹងស្តីពីកាលបរិច្ឆេទប្រឡងនាពេលខាងមុខនេះ ។

បើតាមមន្ត្រីគណៈកម្មការរៀបចំការប្រឡងប្រជែង បានឲ្យដឹងថា ក្រោយពីការប្រឡងជាប់លើវិញ្ញាសាសរសេរទាំងពីរដំណាក់កាលនេះហើយ ចំពោះសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ត្រូវឆ្លងកាត់ការសម្ភាសបន្ថែមទៀតពីគណៈកម្មការជំនាញ។ ដោយឡែកសិស្សមន្ត្រីក្រមការ មិនតម្រូវឲ្យមានការសម្ភាសនោះទេ។

សូមជម្រាបផងដែរថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល មានបេក្ខជនចូលរួមប្រឡង ចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់)។ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ នេះ ត្រូវឆ្លងកាត់ការប្រឡង លើវិញ្ញាសាចំនួន ២ប្រភេទ៖ ​វិញ្ញាសារសរសេរភាសាអង់គ្លេស ឬភាសាបារាំង និង វិញ្ញាសារពហុចម្លើយពាក់ព័ន្ធនឹងមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈ, គោលនយោបាយរបស់រាជរដ្ឋាភិបាល, រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ, ពលរដ្ឋវិទ្យា, ប្រវត្តិវិទ្យា, ភូមិសាស្ត្រកម្ពុជា, អាស៊ាន និងសេដ្ឋកិច្ច។
ដោយឡែកការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១១ មានបេក្ខជនចូលរួមប្រឡងចំនួន ៨,១៧៣នាក់ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤៕