សន្តិសុខសង្គម

រថយន្ត២គ្រឿង បើកបរប្រដេញគ្នាពេញផ្លូវ បុករះបណ្តាលឱ្យមានមនុស្សស្លាប់ នៅវិថីចោមចៅ

image


ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ដែលបានបើកបររថយន្ត LEXUS RX 300 ប្រដេញគ្នារហូតជ្រុលទៅបុករះ បណ្តាលឲ្យបុរសម្នាក់ដែលកំពុងជិះម៉ូតូ ខ្ទាតចេញពីម៉ូតូស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលពេញវិថី នៅវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅលើកំណាត់វិថីចោមចៅ (ផ្លូវវេងស្រេង) សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត២គ្រឿងបានប្រដេញគ្នាតាមបណ្តោយវិថីចោមចៅ ខណៈរថយន្តដែលបើកបរនៅខាងមុខ មានម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-669 បើកបរដោយបុរសម្នាក់ និងមានរថយន្ត១គ្រឿងទៀតម៉ាក LEXUS LX470 បើកបរដោយបុរសម្នាក់ទៀត ដេញតាមពីក្រោយ លុះមកដល់ចំណុចកើតហេតុហួសក្លិប MIDNIGHT បន្តិច រថយន្ត LEXUS ដែលនៅខាងមុខបានបុកម៉ូតូ ១គ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្ចាស់ម៉ូតូប្លោងចេញពីម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ដោយម៉ូតូមានម៉ាក PCX ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 1KV-9152 ត្រូវបានរថយន្តបង្កបុករួច ស្ទើរមើលលែងយល់។

បន្ទាប់ពីបុករួចរថយន្តបង្ក បានបន្តទៅបុករះកង់បីឥណ្ឌា​២គ្រឿងទៀត បង្កការខូចខាតថែមទៀត ទើបរថយន្តអស់ល្បឿន ឈប់កាត់ទទឹងផ្លូវ មិនអាចបន្តដំណើរទៅមុខទៀតបាន។

ពលរដ្ឋដែលឃើញហេតុការណ៍ បានបន្តថា បន្ទាប់ពីបុករួច គេនាំគ្នាបើកទ្វាររថយន្តទាញបុរសម្ចាស់រថយន្តបង្កម្នាក់នោះចេញមកក្រៅ បម្រុងនិងប្រើហឹង្សា តែត្រូវបានសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុទាន់ពេលវេលា និងបាននាំខ្លួនជនបង្កខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីធ្វើការសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ។

ចំណែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញទាក់ទងទៅកាន់ក្រុមគ្រួសារ ដើម្បីមកទទួលសព៕

អត្ថបទ៖ រដ្ឋ រង្សី