សង្គម

កម្ពុជា អបអរសាទរ ខួប២ឆ្នាំ «គុនល្បុក្កតោ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!

image


ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ចូល«គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤)។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ បានលើកឡើងថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!»។
កន្លងមកនេះ ក្រសួងវប្បធម៌ បានបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណនិងជាព្រលឹងជាតិដែល បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។

សូមជម្រាបជូនថា ​«គុនល្បុក្កតោ» ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫស ចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។

គួររំឭកថា កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ៩រួចហើយដែលត្រូវបានចុះបញ្ជីរួមមាន តំបន់អង្គរ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ចាប៉ីដងវែង ល្បែងទាញព្រ័ត្រ ប្រាសាទសំបូរព្រៃគុក ល្ខោនខោលវត្តស្វាយអណ្ដែត និងប្រាសាទកោះកេរ៕

អត្ថបទ៖ CNC