ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ ក្រើនរំឭកម្ចាស់យានយន្តរួសរាន់ទៅបង់ពន្ធ ព្រោះនៅតែ៣ថ្ងៃទៀតទេ
កំពង់ស្ពឺ៖ ប្រធានសាខាពន្ធដារ ខេត្តកំពង់ស្ពឺ លោក ប៉ែត ចក់ បានក្រើនរម្លឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបង់ពន្ធ ប្រញាប់រួសរាន់ទៅបង់ពន្ធជូនរដ្ឋ ដើម្បីគេចផុតពីការផាកពិន័យ ព្រោះនៅតែរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ។ ការរម្លឹកដូចនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោយល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានប្រជាពលរដ្ឋចូលរួមជិត ៥០០នាក់។
លោក ប៉ែត ចក់ បានលើកឡើងថា នៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺ ត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងផុតកំណត់នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនហើយ ដូច្នេះ ម្ចាស់មធ្យោបាយត្រូវតែរួសរាន់ឡើង ដើម្បីជៀសផុតពីការពិន័យទ្វេរដងពីមន្ត្រីជំនាញពន្ធដារ។
លោក ប៉ែត ចក់ បានបញ្ជាក់ថា សម្រាប់សាខាពន្ធដារខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងរួចរាល់ហើយ ដើម្បីក្រើនរម្លឹកដល់ម្ចាស់យានយន្តទាំងឡាយ ដែលនៅមិនទាន់បង់ពន្ធ សូមចូលខ្លួនបង់ពន្ធជូនរដ្ឋ ខណៈកាលបរិច្ឆេទនៃការកំណត់បានខិតកាន់តែជិតចូលមកដល់ហើយ។ បើប្រជាពលរដ្ឋនៅតែមិនបានចូលបង់ពន្ធ នោះនឹងទទួលរងនូវការផាកពិន័យទ្វេដងចៀសមិនផុតឡើយ ព្រោះច្បាប់បានកំណត់។
លោកប្រធានសាខាពន្ធដារខេត្ត បានបញ្ជាក់ថា នាយកដ្ឋានពន្ធដារក៏ដូចបណ្តាសាខាខេត្តក្រុង បានផ្សព្វផ្សាយ និងទទួលការបង់ពន្ធលើមធ្យោបាយយានយន្តគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤។
ប្រសិនម្ចាស់យានយន្តណាដែលបានមកបង់ពន្ធក្នុងចន្លោះពេលនោះ ពុំមានការផាកពិន័យឡើយ ហើយក៏ពុំមែនមានន័យថាមានការលើកលែងចំពោះបុគ្គលដែលជាម្ចាស់យានយន្តដែលហួសកាលកំណត់ខាងលើ ត្រូវបានអនុញ្ញាតឱ្យរួចផុតពីការបង់ពន្ធនោះដែរ ពោលគឺ បុគ្គលនោះនៅតែចូលខ្លួនមកធ្វើការបង់ពន្ធជូនរដ្ឋបានដដែល គឺគ្រាន់តែរងការផាកពិន័យទ្វេរដង ជារួមការផុតកំណត់ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សាខាពន្ធដារនៅតែរង់ចាំទទួលការបង់ពន្ធពីប្រជាពលរដ្ឋដែលបានហួសកាលបរិច្ឆេទនៃការការជូនដំណឹង៕
អត្ថបទ៖ ប៊ុត សារុន