បុរសម្នាក់ ជិះម៉ូតូទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបោកក្បាលស្លាប់នៅហ្នឹងកន្លែង
ភ្នំពេញ៖ បុរសម្នាក់ បានជិះម៉ូតូទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ដោយនៅក្បែរសពមានស្រាបៀរចំនួន ៣កំប៉ុង ថែមទៀត កាលពីវេលាម៉ោង ២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅលើកំណាត់វិថីហាណូយ ក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់នោះជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Q-5788 ដោយធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងហាណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតម៉ូតូទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យមនុស្សខ្ទាតឡើងសួន បោកក្បាលផ្ទប់នឹង បង្គោលផ្សព្វផ្សាយពាណិជ្ជកម្ម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូត្រូវបានរងការខូចខាត។សពមានឈ្មោះ យ៉េ យុត ភេទប្រុស អាយុប្រមាណជា ៣០ឆ្នាំ ជាបុគ្គលិកធ្វើការផ្នែកកិនជ័រឱ្យក្រុមហ៊ុនស្បែកជើងមួយកន្លែង។
អ្នកឃើញហេតុការណ៍ បានបន្តថា ក្រោយដួលភ្លាមៗ ពលរដ្ឋបានហៅរថយន្តសាម៉ុយដើម្បីមកសង្គ្រោះ ពេលក្រុមគ្រូពេទ្យមកដល់ធ្វើការពិនិត្យរបួស តែជាអកុសលបុរសនោះបានស្លាប់បាត់ទៅហើយ ដោយគ្រូពេទ្យបញ្ជាក់ថា គាត់មានការប៉ះទង្គិចក្បាលខ្លាំងនៅផ្នែកខាងក្នុង បណ្តាលឲ្យហូរឈាមចេញមកតាមត្រចៀក និងភ្នែក។ ចំណែកនៅក្បែរសពក៏មានស្រាបៀរចំនួន ៣កំប៉ុង ផងដែរ ទើបពលរដ្ឋសន្និដ្ឋានថា គាត់បើកបរក្នុងស្ថានភាពស្រវឹង និងមិនពាក់មួកការពារសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុក រួចយកទូរស័ព្ទជនរងគ្រោះទាក់ទងទៅកាន់ក្រុមគ្រួសារ ដើម្បីឱ្យបានជ្រាបជាដំណឹង។ រីឯសពជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រូពេទ្យរុំថង់រក្សាទុកក្នុងរថយន្តសាម៉ុយ រង់ចាំក្រុមគ្រួសារទទួលយក៕
អត្ថបទ៖ រដ្ឋ រង្សី