គណៈគ្រូពេទ្យខេត្តបាត់ដំបង៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវពង្រឹងក្រមសីលធម៌ គុណធម៌ និងជំនាញវិជ្ជាជីវៈ ដើម្បីធ្វើឱ្យជីវិតអ្នកជំងឺមានតម្លៃ
បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ស៊ូ សានិត បានថ្លែងបែបដាស់តឿនដល់គណៈគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលទាំងអស់ ត្រូវមានក្រមសីលធម៌ គុណធម៌ និងជំនាញវិជ្ជាជីវៈរបស់ខ្លួនពិតប្រាកដ ដើម្បីធ្វើឱ្យជីវិតអ្នកជំងឺមានតម្លៃ ។
ការថ្លែងសារក្រើនរម្លឹកនេះបានធ្វើឡើងក្នុងខណៈពេល ដែលគណៈគ្រូពេទ្យខេត្ត សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយទូលំទូលាយនូវច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្រមសីលធម៌ ដែនកំណត់ និងនិយាមវិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ របស់គណៈគ្រូពេទ្យជាតិកម្ពុជា និងការត្រួតពិនិត្យឡើងវិញនូវវិញ្ញាបនបត្រ សញ្ញាបត្រ និងអាជ្ញាប័ណ្ណវិជ្ជាជីវៈវេជ្ជសាស្រ្ត នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ចាន់ ដាវឹង អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង គណៈគ្រូពេទ្យខេត្ត តំណាងការិយាល័យស្រុកប្រតិបត្តិសង្កែ បាត់ដំបង មន្ទីរពេទ្យភូមិភាគ៥ និងគ្រូពេទ្យមកពីបណ្តាក្រុង ស្រុក និងគ្រូពេទ្យបម្រើសេវាសុខាភិបាលឯកជន ។
លោកវេជ្ជបណ្ឌិត ស៊ូ សានិត បានលើកឡើងថា មកទល់ពេលនេះអ្នក ដែលមកចុះឈ្មោះក្នុងគណៈគ្រូពេទ្យបាត់ដំបង មានចំនួន៤៦២នាក់ ប៉ុន្តែអ្នកដែលស្នើសុំអាជ្ញាប័ណ្ណនិយាមទាំងសុពលភាព ទាំងមិនទាន់មានសុពលភាព មានចំនួន៣៨៦នាក់ ហើយអ្នកដែលហួសសុពលភាពពីមុនមានរហូតដល់៧០នាក់ តែក្រោយពីបានធ្វើការផ្សព្វផ្សាយជាបណ្តើរៗមក យើងឃើញការបន្តអាជ្ញាប័ណ្ណស្ទើរតែជិតអស់ហើយ ។
លោកវេជ្ជបណ្ឌិត បន្តទៀតថា ដែនកំណត់វិជ្ជាជីវៈមានសារៈសំខាន់ណាស់ ដែលជាការកំណត់នូវទិសដៅសម្រាប់គ្រូពេទ្យ ត្រូវដើរតាម ។ បន្ថែមលើដែនកំណត់វិជ្ជាជីវៈនេះ គឺយើងមាននិយាមប្រតិបត្តិថា តើនិយាមប្រតិបត្តិអប្បបរិមា ដែលត្រូវធ្វើជាមួយអ្នកជំងឺ តើត្រូវធ្វើរបៀបណា ? សរុបសេចក្តីមកដែនកំណត់ ដូចជាយើងយកប័ណ្ណបើកបររថយន្តតូច ឬធំដូច្នេះ ដែរ មានន័យថា និយាមប្រតិបត្តិប្រៀបបានទៅនឹងបទដ្ឋានមួយ សម្រាប់វាស់វែងត្រូវតាមក្បួនខ្នាតឬអត់ ហើយក៏ត្រូវមានក្រមសីលធម៌ ដែលតម្រូវឱ្យគ្រូពេទ្យអនុវត្តតាម ធ្វើឱ្យជីវិតអ្នកជំងឺមានតម្លៃ ធ្វើយ៉ាងណា កែតម្រូវសកម្មភាពរបស់យើង ដែលបានប្រតិបត្តិឱ្យត្រូវទៅតាមវិជ្ជាជីវៈវិស័យសុខាភិបាលក្រមសីលធម៌ ដែនកំណត់ និយាមវិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តិ ។
អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ចាន់ ដាវឹង បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈគ្រូពេទ្យបាត់ដំបង ដែលបានខិតខំអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសអ្នកប្រកបមុខរបរវិស័យសុខាភិបាល ថ្វីត្បិតតែយើងប្រកបវិជ្ជាជីវៈឯកជនឬរដ្ឋ គឺស្ថិតនៅក្រោមដំបូលក្រសួងសុខាភិបាលតែមួយ ហើយត្រូវគោរពនូវអ្វី ដែលក្រសួងសុខាភិបាលបានណែនាំឱ្យយើងអនុវត្ត ត្រូវឱ្យតម្លៃជីវិតជាសំខាន់ ហើយការងារមន្ទីរសុខាភិបាលរាល់ថ្ងៃនេះ កំពុងពង្រឹងការអនុវត្តស៥ ហើយ ស៥នេះមិនមែននៅតែសេវាសាធារណៈទេ វិស័យឯកជន ក៏ត្រូវរៀបចំផងដែរ ធ្វើយ៉ាងណាផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ៕
ដោយ៖ ឡាច សុគន្ធាវី