កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនបរទេស ៤នាក់ ជាមួយគ្រឿងញៀន ៣០ការ៉ុង ដែលដឹកតាមរថយន្តកូរ៉េ
ស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានឃាត់ខ្លួនជនបរទេសចំនួន ៤នាក់ ជាមួយនឹងគ្រឿងញៀនចំនួន ៣០ការ៉ុង ដែលដឹកតាមរថយន្តម៉ាកកូរ៉េ១គ្រឿង។
បើតាមកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ប្រតិបត្តការ បង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០២ និង៣០នាទី ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ និងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ដែលក្រុមជួញដូរគ្រឿងញៀនធ្វើការដោះដូរគ្នានៅចំណុចមុខស្ថានីយប្រេងឥន្ទនៈតេលាមេគង្គតាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ នៃខេត្តស្ទឹងត្រែង ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺទី ១.ឈ្មោះ ខាំ ឡេហឺ (KHAM LEE HER) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឡាវ កាន់លិខិតឆ្លងដែនលេខ P3138543។ ទី២.ឈ្មោះ សាឡាំ ផុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិថៃ ព្រមទាំងចាប់យកវត្ថុសង្ស័យជាសារធាតុញៀនចំនួន៣០ការ៉ុង និងរថយន្តចំនួន ០១គ្រឿង ម៉ាក TOYTA Hilux Rally ពណ៌សពាក់ស្លាកលេខ 2AT-5389 ទូរសព្ទចំនួន ០២គ្រឿង លិខិតឆ្លងដែន០១ច្បាប់ រួចក៏បន្តតាមឃាត់ខ្លួននៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានជនសង្ស័យ០២នាក់ បន្ថែមទៀត ឈ្មោះ MR. JAROEN SAE LAO ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC7483332 ២.ឈ្មោះ អៀ ថរ (IA THO) ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិឡាវ កាន់លិខិតឆ្លងដែនលេខ P2969632 រថយន្ត០១គ្រឿង ម៉ាក TOYO TA Hilux Revo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6505 ទូរសព្ទដៃ ០២គ្រឿងលិខិតឆ្លងដែន ០២ច្បាប់។
សូមបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជនជាតិថៃ ០២នាក់ ជនជាតិឡាវ ០២នាក់ និងវត្ថុតាងគ្រឿងញៀន ៣០ការ៉ុង រថយន្តទំនើប០២គ្រឿង ហើយបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ ម៉ាក មេត្តា