សន្តិសុខសង្គម

តំណាងអយ្យកា សម្រេចចោទប្រកាន់ក្រុមក្មេងទំនើង ៩ នាក់ មានរហ័ស្សនាម ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL)

image


ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី
ភ្នំពេញ នៅររសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ៩នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២២៤ មាត្រា ២១៨ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។


អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្រួល (BSL) មានគ្នាសរុបចំនួន ២០នាក់ ប្រដាប់ដោយដាវចំនួន ២ដើម បានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យជនរងគ្រោះម្នាក់រងរបួស និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។​ ចំណែកជនរងគ្រោះ ម្នាក់ទៀតត្រូវបានក្រុមក្មេងទំនើងវាយ និងកាប់ត្រូវកែងដៃខាងស្តាំរងរបួសធ្ងន់រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។


លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០:២៥នាទី ក្រុមក្មេងទំនើងខាងលើក៏បានប្រើប្រាស់ដាវចំនួន ២ដើម ធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះម្នាក់ជាច្រើនដាវចំដៃខាងស្តាំបណ្តាលឱ្យរង របួសនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី សមត្ថកិច្ចបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ រួមមានឈ្មោះ ឈាងលីហួ, ឈ្មោះ ប៉ូ គឹមហុង, ឈ្មោះ ខេង សាវៀត ហៅវីត, ឈ្មោះ ហាន់ ណាហ្វី ម៉ូហាំម៉ាត់តាវហ៊ិច, ឈ្មោះ ថា វ៉ាន់ធី, ឈ្មោះ ហុក វណ្ណា, ឈ្មោះ ម៉ែន សិទ្ធិញ្ញាន, ឈ្មោះ ផន ឆារះឆៃ និងឈ្មោះ សៅ ជាបម៉េង ដកហូតបានដាវចំនួន ២ដើម ពីឈ្មោះ ប៉ូ គីមហុង ដែលបានយកទៅលាក់ទុកនៅគុម្ពស្មៅ នៅមុខវត្តគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាន កំពុងស្រាវជ្រាវបន្ត៕