ស្លាប់ម្នាក់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកើនឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៨:២០នាទីយប់ លើផ្លូវវិថីផែ ត្រង់ចំណុច កែងរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយ រថយន្តធុនធ្ងន់ ០១គ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-0844 សណ្តោងរ៉ឺម៉ក់ដឹកកំណាត់ឈើ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពី ផ្លូវជាតិលេខ៤ ឆ្ពោះមក ផ្លូវមុខកំពុងផែក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើបានបុក ម៉ូតូ ០១គ្រឿង និងរថយន្ដធុនស្រាល ចំនួន ០២គ្រឿង ។
គ្រោះថ្នាក់ខាងលើបណ្តាលឲ្យស្លាប់មនុស្ស ១នាក់នៅនឹងកន្លែងកើតហេតុ គៀបជាប់ក្នុងរថយន្ត (អ្នកបើកបររថយន្តធុនស្រាល) និងរងរបួសធ្ងន់មនុស្ស ០១នាក់ស្រី អ្នកបើកបរម៉ូតូ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ចំណែកអ្នកបើកបររថយន្ដបង្ករត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
ចំពោះករណីខាងលើកម្លាំងជំនាញ បានចាត់ចែងត្រួតពិនិត្យកន្លែងកើតហេតុ និងបានសម្រួលចរាចរណ៍ស្ទូចយកវត្ថុតាងចេញពីកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវបន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ៕
ដោយ ៖ ប៉ៃ សុឃីម