ចិនថ្កោលទោសសេចក្តីព្រាងច្បាប់របស់អាមេរិកស្តីពីគោលនយោបាយសិទ្ធិមនុស្សសម្រាប់ជនជាតិភាគតិចអ៊ុយហ្គ័រ
ចិន ៖ នៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជុនយីង (Hua Chunying) បានថ្កោលទោសចំពោះការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយសិទ្ធិមនុស្សសម្រាប់ជនជាតិភាគតិចអ៊ុយហ្គ័រដោយសភាអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដកស្រង់សេចក្តីថ្លែងការណ៍របស់លោកស្រី ហួ ដែលបាននិយាយថាអាមេរិកកំពុងប្រើប្រាស់បញ្ហាតំបន់ស៊ីនជាំងដើម្បីបង្កឲ្យមានការបែកបាក់គ្នានៅក្នុងទំនាក់ទំនងជនជាតិភាគតិចរបស់ចិននិងធ្វើឲ្យប៉ះពាល់ដល់វិបុលភាពនិងស្ថិរភាពនៅក្នុងតំបន់ភាគខាងលិចប្រទេសដែលជាទីលំនៅរបស់ក្រុមជនជាតិដើមភាគតិចអ៊ុយហ្គ័រនិងកាហ្សាក់។
សភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់នោះកាលពីថ្ងៃអង្គារក្នុងគោលបំណងដើម្បីដាក់សម្ពាធលើប្រទេសចិនជុំវិញការបង្ក្រាបទ្រង់ទ្រាយធំលើជនជាតិភាគតិចមូស្លីមនៅភាគខាងលិចប្រទេស។
សេចក្តីព្រាងច្បាប់នោះបានថ្កោលទោសការឃុំខ្លួនជនជាតិភាគតិចអ៊ុយហ្គ័រ, កាហ្សាក់និងជនជាតិភាគតិចផ្សេងទៀតជាង១លាននាក់នៅក្នុងជំរំកែប្រែឡើងវិញជាកន្លែងដែលពួកគេត្រូវបានបង្រៀនពីនយោបាយ, ទទួលរងការធ្វើទារុណកម្ម, ការវាយដំនិងការបង្អត់អាហារព្រមទាំងការបំបិទសិទ្ធិសេរីភាពខាងសាសនានិងភាសាទៀតផង។
ទន្ទឹមនឹងនោះ ក្រសួងការបរទេសអាមេរិកនឹងត្រូវវាយតម្លៃថាតើមន្ត្រីចិននឹងត្រូវទទួលរងការដាក់ទណ្ឌកម្មចំពោះតួនាទីរបស់ពួកគេនៅក្នុងការបង្ក្រាបនៅតំបន់ស៊ីនជាំងឬយ៉ាងណា។ លោកស្រី ហួ បានអំពាវនាវឲ្យអាមេរិកកែប្រែកំហុសរបស់គេជាបន្ទាន់និងបានព្រមានថាប្រទេសចិននឹងឆ្លើយតបទៅវិញឲ្យស្របទៅតាមអ្វីដែលគេបានធ្វើ៕