ការប្រណាំងទូក ង ថ្នាក់រាជធានីភ្នំពេញ នឹងចាប់ផ្តើមប្រកួតនៅរសៀលនេះហើយ
ភ្នំពេញ៖ ការប្រណាំងទូក ង ថ្នាក់រាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការប្រកួតនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមកីឡាករទូកង បានទម្លាក់ទូករួចរាល់ចូលទៅក្នុងទន្លេ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក៏បានត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនរួចរាល់ ១០០ភាគរយហើយដែរ។ សម្រាប់ការប្រកួតផ្លូវការនារសៀលនេះ ពួកគេបានហ្វឹកហាត់សមកម្លាំង ដោយអុំសាកល្បងនៅលើផ្ទៃទន្លេជាច្រើនជុំផងដែរ ដើម្បីបង្កើនសមត្ថភាព ឱ្យកាន់តែខ្លាំងក្លា។
ក្រុមកីឡាករទូកង បានបង្ហាញក្តីរំភើបរីករាយ ដែលបានចូលរួមក្នុងការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤។ ពួកគេម្នាក់ៗមានសេចក្តីមុតមាំ និងជឿជាក់ថា នឹងអុំទទួលយកជ័យលាភីឱ្យខាងតែបាន ខណៈទូក មហានាគមួយនេះ តែងតែទទួលជ័យលាភីឯកមករហូត ទាំងការប្រណាំងទូកថ្នាក់រាជធានី និងថ្នាក់ជាតិ។
ការប្រណាំងទូកង ថ្នាក់រាជធានីនេះ ធ្វើឡើងតែមួយរសៀលថ្ងៃទី១២ប៉ុណ្ណោះ ដើម្បីរកម្ចាស់ជ័យលាភី ទៅប្រកួតការប្រណាំងទូកថ្នាក់ជាតិ ជាមួយបណ្តាទូកងជាច្រើនទៀត ដែលមកពីតាមបណ្តាខេត្ត។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឆ្នាំនេះ មានទូកងសរុបចំនួន ៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង ២ម៉ឺននាក់៕
ដោយ៖ ឌីយ៉ាម៉ង់