សង្គម

កាកសំណល់ និងសំរាម នៅខេត្តពោធិ៍សាត់ ត្រូវបានយកទៅផលិតជីសរីរាង្គធម្មជាតិ មិនប៉ះពាល់សុខភាព និងបរិស្ថាន

image


ពោធិ៍សាត់៖ ក្រុមហ៊ុនប្រមូលសំរាមនៅខេត្តពោធិ៍សាត់ ក្រៅពីប្រមូលសំរាមសំអាតទីក្រុង ក៏បានធ្វើការកែច្នៃសំរាម ដែលប្រមូលបានទាំងនោះយកទៅផលិតជា ជីសរីរាង្គធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន ដែលកំពុងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ ការបង្កើតកន្លែងកែច្នៃសំរាមនេះ ក៏កំពុងបង្កើតការងារសម្រាប់ពលរដ្ឋនៅក្នុងខេត្តនេះបានមួយចំនួនផងដែរ។


កន្លែងកែច្នៃកាកសំណល់សំរាមនេះ ស្ថិតក្នុងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយសិប្បកម្មផលិតជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានដំណើការដោយក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯ.ក ដែលទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋសរុបជាង ៧ម៉ឺននាក់ និងបានប្រមូលទុកដាក់សំរាម សំណល់រឹង បានពី ២៨ ទៅ ៣០តោនក្នុងមួយថ្ងៃៗ ទៅទីលាន។


លោក ស៊ីឡែន ម្ចាស់សិប្បកម្ម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការកែច្នៃសំរាមដែលប្រមូលបានយកទៅផលិតជា ជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០តោន មកហើយ។ ផលិតផលរបស់សិប្បកម្មរបស់លោក ផ្តល់ផលប្រយោជន៍ ដូចជា ជួយង្កើនគុណភាពដីកសិកម្មឲ្យមានជីជាតិល្អ ជួយឱ្យមានបាក់តេរីកកើតឡើងវិញច្រើន និងឲ្យដំណាំ និងរុក្ខជាតិគ្រប់ប្រភេទ ដូចជា ស្រូវ បន្លែ ដើមផ្កា និងរិក្ខជាតិហូបផ្លែលូតលាស់បានល្អ និងទទួលបានទិន្នផលល្អ។


លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងពេលចុះពិនិត្យលើការទុកដាក់និងញែកសំរាមរបស់ផ្នែកឯកជននៅក្នុងខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗកន្លងមកនេះ បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិនត្រឹមតែដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ផងដែរ។


លោក ខ្វៃ អាទិត្យា បានថ្លែងថា ដោយមើលឃើញអំពីបរិមាណសំរាម និងសំណល់ប្លាស្ទិកមានការកើនឡើងជាបន្ដបន្ទាប់នោះ ក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អាជីវករ និងផ្នែកឯកជន ចូលរួមបង្កើតរោងចក្រកែច្នៃកាកសំណល់ និងសំរាម ដែលបានប្រើរួច ជាពិសេស ការបណ្តុះផ្នត់គំនិតស្អាត តាមរយៈការចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចេះកែច្នៃសំរាម និងកាកសំណល់ ដែលបានប្រើរួចហើយយកមកប្រើប្រាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។

សហគ្រាសផលិតជីសរីរាងពីសំរាម ផ្តល់ប្រយោជន៍ ជួយបង្កើនផលិតផលដំណាំកសិកម្មនានា ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រមទាំងបានជួយចូលរួមចំណែកលើកកម្ពស់សុខភាព និងផ្តល់ការងារបៃតងចំពោះប្រជាពលរដ្ឋ ផងដែរ។


សូមបញ្ជាក់ថា ចាប់ពីពេលដំណើរការប្រមូលសំរាម សំណល់រឹង នៅក្នុងខេត្តពោធិ៍សាត់ ក្រុមហ៊ុនបានដឹកជញ្ជូនបានចំនួនជាង ៥,៥០០តោន។ ក្នុងនោះសំរាមដែលត្រូវបានញែកយកមកប្រើប្រាស់ និងកែច្នៃបានចំនួនជាង ៥៥១តោន និងលក់ជាអេតចាយបានចំនួន ៨៨តោន៕