ផ្លូវ២ខ្សែក្នុងខេត្តក្រចេះ ដោយមួយខ្សែចេញពីក្រុងក្រចេះទៅទីរួមស្រុកសំបូរ បានសម្រេចការសាងសង់ជិត៨០ភាគរយហើយ
ខេត្តក្រចេះ៖ គម្រោងស្ដារផ្លូវក្នុងខេត្តក្រចេះចំនួនពីរខ្សែ ដែលមានប្រវែងសរុប ៤៩,១០ គីឡូម៉ែត្រ គឺផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧ ចេញពីក្រុងក្រចេះទៅទីរួមស្រុកសំបូរ បានស្ដារឡើងវិញ ដោយក្រាលកៅស៊ូ AC ត្រូវបានសម្រេចការសាងសង់ ៧៨ ភាគរយគិតត្រឹម ខែតុលា ឆ្នាំនេះ។
គម្រោងស្ដារឡើងវិញនេះដោយផ្លូវខ្សែទី១គឺ ផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥.៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ទីរួមស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ឃុំសណ្តាន់ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ ដែលខ្សែផ្លូវខេត្តទាំង ២ ត្រូវបានស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៥ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០ សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧-១១ម៉ែត្រ មាន ២ គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩ កន្លែង (នៅលើផ្លូវខេត្តលេខ ៣៧៧)។
លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នខ្សែផ្លូវទាំងពីរសម្រេចការស្ថាបនាបានច្រើន និងបាននឹងកំពុងដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកតាមមធ្យោបាយគ្រប់ប្រភេទ និងការដឹកជញ្ជូនទំនិញជួញដូរជាដើម។
គួរបញ្ជាក់ដែរថា ផ្លូវខេត្តទាំង២ខ្សែខាងលើនេះ បានបើកការរដ្ឋានសាងសង់កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ដែលក៏ជាផ្លូវបម្រើឲ្យវិស័យទេសចរណ៍ក្នុងខេត្តក្រចេះ ដែលអាចធ្វើដំណើរទៅរមណីយដ្ឋានព្រែកកាំពី រមណីយដ្ឋានអន្លង់ផ្សោតកាំពី និងទៅវត្តសសរ ១០០ ដែលជាទីវត្តអារាមប្រវត្តិសាស្ត្រនៅក្នុងទីរួមស្រុកសំបូរផងដែរ ៕
ដោយ៖សារី ណែត