សន្តិសុខសង្គម

UPDATE: ជនជាប់ឃុំជាជនជាតិវៀតណាម ដែលបានរត់គេចខ្លួនពីពន្ធនាគារខេត្តស្វាយរៀង ត្រូវបាននគរបាលកម្ពុជា សហការជាមួយវៀតណាម ចាប់បានមកវិញ​ហើយ

image


អត្ថបទ​៖មិន ភក្ដី​
ស្វាយរៀង​៖ យោងតាមស្នងការនគរបាលខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​ ករណី​​អ្នកទោស​លួចរត់ចេញពី​ពន្ធនាគារ​ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​ ១៦​និង​៤០​នាទី ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ដោយ​ឈ្មោះ ហ្វៀ​ង ឌី​ង​ទន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម បាន​មក​សួរ​សុខ​ទុក​ឈ្មោះ ង្វៀ​ង តុង​ហ្វឹ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​។ 

បន្ទាប់​ពី​សួរសុខទុក្ខ បាន​ប្រហែល​៥​នាទី ឈ្មោះ ហ្វៀ​ង ឌី​ង​ទន់ បាន​ដើរ​ចេញ​មក​ខាងក្រៅ រួច​ឈ្មោះ ង្វៀ​ង តុង​ហ្វឹ​ង រត់​មក​តាម​ក្រោយ​ដោយ​បាន​យក​កាំភ្លើង ១​ដើម (​មិន​ចាំ​ម៉ាក​) ពី​ឈ្មោះ ហ្វៀ​ង ឌី​ង​ទន់ ធ្វើការ​ភ្ជង់​ទៅ​លើ​មន្ត្រី​ការពារ រួច​បាន​ឡើង​ម៉ូតូ ធ្វើការ​រត់គេច​ខ្លួន ។

ហើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៤០នាទី ក្រោយពីបានទទួលព័ត៌មានពីមន្ត្រីអគារអនុរក្សពន្ធនាគារខេត្តស្វាយរៀង ថាមានករណីទណ្ឌិត ឈ្មោះ ង្វៀង ចុងង្វៀង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្វាយរៀងរួចមក​ កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអគារអនុរក្សពន្ធនាគារ និង​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ ព្រមទាំងអនុវត្តតាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកងកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ ព្រមទាំងបានសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមវៀតណាម បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ រួមមាន
១- ឈ្មោះ ង្វៀន ចុងង្វៀង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម (ជនជាប់ឃុំ) និងជាមុខសញ្ញាមានដីកា របស់សមត្ថកិច្ចនគរបាលខេត្តង៉េអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ និង២- ឈ្មោះ ង្វៀង ឌីងទន់ ភេទប្រុស អាយុ ២៣ឆ្នាំ (បក្ខពួកដឹកជនជាប់ឃុំ)។

សមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូធ្វើសកម្មភាព ០១គ្រឿង និងអាវុធខ្លី ០២ដើម (អាវុធប្រើខ្យល់ ០១ដើម)។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ រកបក្ខពួកផ្តល់មធ្យោបាយ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕