ព័ត៌មានជាតិ

កំណាត់ផ្លូវបេតុងអមប្រឡាយស្ទឹងមានជ័យ ដែលបានបាក់ស្រុត កាលពីជាង១ខែមុន​ បានជួសជុសស្ថាបនាឡើងវិញ

image


ភ្នំពេញ៖ កំណាត់ផ្លូវបេតុងអមប្រឡាយស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ ដែលបានបាក់ស្រុត កាលពីជាង១ខែមុននោះ បានជួសជុស ស្ថាបនាឡើងវិញជិតរួចហើយ។

ដើម្បីជំរុញការជួសជុស និងស្ថាបនាផ្លូវបេតុងនេះឡើងវិញ ទទួលបានគុណភាព ស្របតាមស្តង់ដាបច្ចេកទេសនោះ​ នាវេលាថ្ងៃទី៣១ ខែតុលា​ លោក​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាល​ ចុះពិនិត្យមើលការដ្ឋាននេះ ដើម្បីពន្លឿនការជួសជុល​ និងបានណែនាំក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះធ្វើឱ្យបានលឿន ជាមួយនឹងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។

លោក​ ឃួង ស្រេង ក៏បានណែនាំក្រុមកាងារយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ចំពោះទីតាំងផ្លូវបេតុងដែលបាក់នោះបានកាយដីស្អុយចេញ ចាក់ខ្សាច់ កិនបង្ហាប់រួចរាល់ហើយ នឹងមិនមានបញ្ហាត្រូវបាក់បន្តទៀតទេ។ អ្វីដែលជាបញ្ហានោះ គឺនៅទីតាំងជាប់ៗគ្នានោះ​ ក៏បានបាក់ ស្រុតច្រាំងប្រឡាយដែរ។ ដូច្នេះក្រុមការងារបន្តជីកកាយ យកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំឱ្យបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ ចាក់ផ្លូវបេតុងដូចមុនតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក​ សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានឱ្យដឹងដែរថា​ អនុវត្តតាមការណែនាំរបស់ លោក​ ឃួង ស្រេង ក្រុមការងារបានសម្រុកអនុវត្តការងារជួសជុស ស្ថាបនាផ្លូវបេតុងនេះឡើងវិញយ៉ាងយកចិត្តទុកដាក់ ដោយបានកាយដីស្អុយខាងក្រោមចេញអស់ ចាក់ខ្សាច់ចូល រួចកិនបង្ហាប់ ទោះទឹកហូរច្រោះ ខាងក្រោមក៏មិនមានបញ្ហាដែរ ព្រោះបានជីកយកដីស្អុយចេញអស់ រហូតដល់ស្រទាប់ដីរឹងហើយ។

សូមបញ្ជាក់ថា​ កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន(ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ មូលហេតុនៃការបាក់ស្រុតផ្លូវ​ ដោយសារភ្លៀងធ្លាក់ខ្លាំង​ និងជាប់គ្នាច្រើនថ្ងៃ ទើបបណ្ដាលឱ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះ៕