លោក ហ៊ុន ម៉ានី៖ ការលះបង់បន្តិចបន្តួចរបស់សមាជិក ស.ស.យ.ក គឺចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណី

កំពត៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ អនុប្រធាន អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក មឿង គង្គា ប្រធាន (ស.ស.យ.ក) ខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល់ជាមួយ សមាជិក សមាជិកា ស.ស.យ.ក ស្រុកទឹកឈូ រៀបចំធ្វើឡើងនៅសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ការចូលរួមជាមួយ ស.ស.យ.ក ជាការឆ្លៀតពេលដ៏មមាញឹក ក្នុងការជួយបម្រើដល់ការងារសង្គមជាតិ តាមរយៈកម្មវិធីដែល ស.ស.យ.ក បានរៀបចំឡើង។ សមាជិក ស.ស.យ.ក នឹងទទួលបាន ១.ការលត់ដំសមត្ថភាព និងការប្រឹងប្រែងរបស់ខ្លួន ២.មានឱកាសរៀនសូត្រធ្វើការជាក្រុមជាមួយគ្នា ៣.ធ្វើខ្លួនជាយុវជនគំរូ ហើយណែនាំឱ្យយុវជនដទៃទៀតមកចូលរួមជាមួយដែរ។
លោកប្រធាន ស.ស.យ.ក ក៏បានបញ្ជាក់អត្ថន័យរាល់កម្មវិធីផ្សេងៗរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែរថា គោលបំណង់សំខាន់ គឺនាំមកនូវការជួបជុំគ្នាដើម្បីទទួលបានទាំងភាពសប្បាយរីករាយផង និងជួយដល់សង្គមជាតិតាមរយៈអត្ថន័យ នៃកម្មវិធីនីមួយៗផង។ លោកគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ឱកាស និងការងារអភិវឌ្ឍន៍ខ្លួនមានច្រើនសម្រាប់យុវជន។ ក្នុងនោះសិស្សផ្តោតទៅលើការប្រឹងសិក្សា មន្ត្រីរាជការផ្តោតទៅលើការទទួលខុសត្រូវតាមតួនាទី បុគ្គលិកក្រុមហ៊ុន ត្រូវខំធ្វើការ។ សរុបមក មិនថាកម្មវិធីកីឡាក្តី វប្បធម៌ក្តី មោទនភាពជាតិខ្មែរក្តី ស.ស.យ.ក ធ្វើឡើងដើម្បីបានមកជួបជុំគ្នាបង្កើនភាពស្និទស្នាល យោគយល់ ស្រឡាញ់រាប់អានគ្នា ជួយគ្នាក្នុងលក្ខណៈជាគ្រួសារខ្មែរតែមួយ។
លោកប្រធាន ស.ស.យ.ក ក៏បានលើកទឹកចិត្តថា ការលះបង់បន្តិចបន្តួចរបស់សមាជិក ស.ស.យ.ក គឺចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណី ដោយមិនចាំបាច់ឱ្យគេចាត់តាំងឬបង្ខំ ឬរំពឹងចង់បានអ្វីមួយមកវិញទេ គឺជួយដោយផ្សារភ្ជាប់ទឹកចិត្ត និងបេះដូងទៅជាមួយនឹងសង្គមជាតិ ហើយវានឹងបន្សល់ទុកទម្លាប់នេះជាប្រពៃណីទៅអនាគត៕
អត្ថបទ៖ វង្ស សុធារម្យ












