ព័ត៌មានអន្តរជាតិ

ការផ្គត់ផ្គង់ស្បៀងអាហារក្នុងប្រទេសបូលីវី កំពុងប្រឈមការខាតបង់ ដោយសារតែបាតុកម្មបិទផ្លូវរបស់អ្នកតវ៉ា

image


បូលីវី៖ ផលិតផលបន្លែផ្លែឈើ និងជ្រូកមាន់ទាជាច្រើនរបស់ឈ្នួញកសិករក្នុងប្រទេសបូលីវី កំពុងប្រឈមនឹងការខូចខាតនិងស្អុយរលួយ ព្រោះតែមិនអាចដឹកជញ្ជូនសម្រាប់ផ្តត់ផ្គង់លក់លើទីផ្សារបានទាន់ពេលវេលា ដោយសារតែការតវ៉ាបិទផ្លូវអស់រយៈពេលជាងកន្លះខែរបស់ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីបូលីវី លោកអ៊ីវ៉ូ ម៉ូរ៉ាឡេស (Evo Morales) ដើម្បីទាមទារឱ្យរដ្ឋាភិបាលបូលីវីបញ្ចប់ការធើ្វទុក្ខបុកម្នេញ និងទម្លាក់ចោលបទចោទប្រកាន់ទៅលើលោកម៉ូរ៉ាឡេស ដែលបច្ចុប្បន្នកំពុងសិ្ថតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ។

ចលនាបាតុកម្មនេះ បានធើ្វឱ្យឈ្នួញកសិករ និងអាជីវករលក់ទំនិញនៅតាមទីក្រុងមួយចំនួនរបស់ប្រទេសបូលីវិ បង្ហាញក្តីកង្វល់ចំពោះការខាតបង់ថវិកា និងការខ្វះខាតស្បៀងអាហារសម្រាប់បំពេញតម្រូវការក្នុងទីផ្សារក្នុងស្រុក។

នៅតាមដងផ្លូវគេឃើញមានគំនរប៉េងប៉ោះ និងបន្លែផ្លែឈើមួយចំនួន ត្រូវបានចាក់ចោល ដោយសារតែស្អុយរលួយមិនអាចជួញដូរកើត ខណៈភាពរាំងស្ទះនេះ ក៏បាននិងកំពុងធើ្វឱ្យតម្លៃស្បៀងអាហារនៅលើទីផ្សាររបស់ប្រទេសបូលីវីមានការកើនឡើងខ្លាំងផងដែរ។

ពាក់ព័ន្ធនឹងចលនាបាតុកម្មបិទផ្លូវរបស់ពលរដ្ឋបូលីវី ដែលកើតមាននៅសឹងទូទាំងប្រទេសនាពេលនេះ ត្រូវបានប្រធានាធិបតីបូលីវី លោកលូអ៊ីស អាហ្សេ (Luis Arce) ថ្លែងឱ្យដឹងថា បានធើ្វឱ្យខាតបង់សេដ្ឋកិច្ចរបស់ប្រទេសសរុបជាទឹកប្រាក់ប្រមាណ ១.៧ពាន់លានដុល្លារអាម៉េរិក ក្រៅពីនេះវាក៏បានបង្កឱ្យមានហេតុការណ៍ប៉ះទង្គិចដោយហឹង្សាជាញឹកញាប់រវាងក្រុមបាតុករនិងអាជ្ញាធរក្នុងតំបន់ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ជាង ១៤០នាក់រងរបួស៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters