ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ព្រឹទ្ធសភាកម្ពុជា បន្តពង្រឹងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ជាមួយសភានៃបណ្ដាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍សង្ខេប របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះ សម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបើកសម័យប្រជុំខាងលើ បានបញ្ជាក់ថា នៅក្នុងស្មារតីពង្រឹងនិងពង្រីកទំនាក់ ទំនងទ្វេភាគី ក៏ដូចជាវិស័យការទូតសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា បានទទួលជួបសវនាការ សម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងភ្ញៀវជាតិ អន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន៥២លើក។
ជាមួយគ្នានោះ ព្រឹទ្ធសភាក៏បាននិងកំពុងបន្តពង្រឹងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ជាមួយនឹងសភានៃបណ្ដាប្រទេសនានា អង្គការអន្តរសភានានាក្នុងតំបន់ និងពិភពលោក ក៏ដូចជា ប្រទេសជាមិត្ត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាក អន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សេចក្ដីប្រកាសខាងលើនេះ បានបញ្ជាក់ថា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងការលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញ ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងពិធីផ្លូវការសំខាន់ៗ នៅសាធារណរដ្ឋកូរ៉ និងអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួម មហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង នៅប្រទេសកាណាដា។ ទន្ទឹមគ្នានេះ សមាជិក សមាជិកាព្រឹទ្ធសភា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគីផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងអំឡុងពេល៣ខែ នៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី១ និងលើកទី២នេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ក៏បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋកម្ពុជា៕
អត្ថបទ៖ CNC






