ក្រុមពលរដ្ឋជនជាតិដើមភាគតិចប្រេស៊ីល នាំគ្នាតវ៉ាប្រឆាំងនឹងច្បាប់ដីធ្លីថ្មីរបស់រដ្ឋាភិបាល

ប្រេស៊ីល៖ នៅថ្ងៃពុធកន្លងទៅ ក្រុមអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិចក្នុងប្រទេសប្រេស៊ីលជាច្រើនរយនាក់ បាននាំគ្នាប្រមូលផ្តុំដង្ហែក្បួននៅក្នុងរដ្ឋធានី Brasilia ឆ្ពោះមកកាន់ស្ថាប័នសភា ដើម្បីធើ្វការតវ៉ាប្រឆាំងនឹងសំណើច្បាប់គ្រប់គ្រងដីធ្លីថ្មីរបស់រដ្ឋាភិបាល ដែលពួកគេអះអាងថានឹងបង្កការគំរាមកំហែងដល់តំបន់ដីដូនតារបស់ក្រុមពលរដ្ឋអម្បូរភាគតិច និងប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។
គិតជាសរុប មានក្រុមបាតុករជាង ៤០០នាក់ បានចូលរួមការតវ៉ាប្រឆាំងនឹងសំណើច្បាប់ដីធ្លីថ្មី ហៅកាត់ថា PEC ៤៨ ដោយមានបំណងធើ្វការកែប្រែខ្លឹមសារមាត្រា ២៣១ នៃច្បាប់រដ្ឋធម្មនុញ្ញសហព័ន្ធរបស់ប្រេស៊ីលដែលធ្លាប់បានផ្តល់ការគាំពារសិទ្ធិសហគមន៍ពលរដ្ឋជនជាតិដើមភាគតិចក្នុងការគ្រប់គ្រងទឹកដីដូនតារបស់ខ្លួនដោយស្របច្បាប់ជាអចិន្ត្រៃយ៍។
យ៉ាងណាក្តី បើតាមខ្លឹមសារសំណើច្បាប់ PEC ៤៩ នេះ នឹងធើ្វការកែប្រែមាត្រាខាងលើ ដោយផ្តល់នូវការទទួលសិទ្ធិគ្រប់គ្រងដីធ្លី សម្រាប់តែអ្នកដែលបានមករស់នៅលើដីធ្លីរបស់ខ្លួននៅត្រឹមចុងឆ្នាំ ១៩៨៨ ដែលជាឆ្នាំនៃការបង្កើតច្បាប់រដ្ឋធម្មនុញ្ញារបស់ប្រទេសមួយនេះ។ ដូច្នេះ សម្រាប់សហគមន៍ជនជាតិដើមភាគតិចណា ដែលមិនបានមករស់នៅលើទឹកដីដូនតារបស់ខ្លួននៅមុនឆ្នាំ ១៩៨៨ នឹងត្រូវបាត់បង់សិទ្ធិក្នុងការទាមទារដីធ្លីរបស់ខ្លួន។
ជុំវិញសំណើច្បាប់ដ៏ចម្រូងចម្រាសនេះដែរ ធ្លាប់ត្រូវបានស្ថាប័នតុលាការកំពូលប្រទេសប្រេស៊ីល ប្រកាសជំទាស់កាលពីឆ្នាំ ២០២៣កន្លងទៅ ដោយបានចាត់ទុកសំណើកែប្រែខ្លឹមសារច្បាប់រដ្ឋធម្មនុញ្ញ ថាជារឿងខុសច្បាប់។
ដោយឡែក សម្រាប់សមាជិកព្រឹទ្ធសភាប្រេស៊ីលមួយរូប ដែលជាអ្នកគាំទ្រសំណើច្បាប់នេះវិញ បានលើកហេតុផលថា កង្វះខាតយន្តការគ្រប់គ្រងដីធ្លីច្បាស់លាស់ គឺជាដើមហេតុនូវបញ្ហាជម្លោះដីធ្លីរវាងប្រជាកសិករ ជាមួយនឹងក្រុមពលរដ្ឋអម្បូរភាគតិចក្នុងប្រទេសប្រេស៊ីល៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ AP




