ព័ត៌មានអន្តរជាតិ

អាជ្ញាធរប៉ាគីស្ថានក្នុងទីក្រុងឡាហ័រ ចេញវិធានការតម្រូវឱ្យពាក់ម៉ាស់ ដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់

image


ប៉ាគីស្ថាន៖ នៅថ្ងៃពុធ ទី៣០ ខែតុលាម្សិលមិញ អាជ្ញាធរក្នុងទីក្រុងឡាហ័រ ដែលទីប្រជុំជនក្នុងខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន បានដាក់ចេញវិធានការតម្រូវឱ្យពាក់ម៉ាស់សម្រាប់ពលរដ្ឋ ដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់ដែលកំពុងកើនឡើងខ្លាំង ស្របពេលដែលវត្តមានផ្សែងអ័ព្ទនូវបណ្តុំធូលីបរិយាកាស បានកំពុងហ៊ុមព័ទ្ធមជ្ឈដ្ឋានជុំវិញទីក្រុងមួយនេះអស់រយៈពេលជាច្រើនសប្តាហ៍។

ក្រៅតែពីវិធានការពាក់ម៉ាស់ អាជ្ញាធរប៉ាគីស្ថានក៏បានណែនាំឱ្យពលរដ្ឋកាត់បន្ថយការធើ្វដំណើរចេញពីផ្ទះដែលមិនចាំបាច់ ដើម្បីបញ្ចៀសបញ្ហាប្រឈមផ្នែកសុខភាពបណ្តាលមកពីការស្រូបចូលនូវខ្យល់កខ្វក់ ខណៈដែលចំណាត់ការនេះធើ្វឡើង បន្ទាប់ពីកម្រិតសន្ទស្សន៍គុណភាពខ្យល់ ហៅកាត់ថា AQI ក្នុងទីក្រុងឡាហ័រ បានកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ គិតចាប់ពីជាង ២០០AQI រហូតជិត ៥០០AQI នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ និងបង្កឱ្យមានក្តីកង្វល់ខ្លាំងចំពោះបញ្ហាសុខភាពសាធារណៈរបស់ពលរដ្ឋ។

ជុំវិញស្ថានការណ៍ខ្យល់កខ្វក់ក្នុងទីក្រុងមួយនេះ ត្រូវគេដឹងថា តែងមានស្ថានភាពយ៉ាប់យ៉ឺនខ្លាំងនារដូវរងា ដោយសារតែលក្ខណៈចរន្តខ្យល់មានភាពយឺតនិងក្រាស់ និងមានសម្ពាធទាបក្បែរទៅនឹងផ្ទៃដី បានធើ្វការទាញយកបណ្តុំធូលីភាគច្រើនក្នុងបរិយាកាសដែលបញ្ចេញពីយានជំនិះ រោងចក្រ និងការដុតជញ្ជ្រំាងស្រូវ ឱ្យជាប់នៅក្នុងមជ្ឈដ្ឋានខ្យល់៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖​ AP/ Tribune/ Dunya News