ព័ត៌មានអន្តរជាតិ

អ.ស.ប អំពាវនាវជាថ្មីម្ដងទៀត ឱ្យសហរដ្ឋអាម៉េរិក ផ្លាស់ប្តូរគោលជំហរលើប្រទេសគុយបា

image


សហប្រជាជាតិ៖ តាមរយៈសំឡេងរបស់ប្រទេសភាគច្រើន នៅថ្ងៃពុធសប្ដាហ៍នេះ មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បានអំពាវនាវដល់សហរដ្ឋអាម៉េរិក ឱ្យបញ្ចប់ទណ្ឌកម្មដ៏យូរអង្វែងរបស់ខ្លួនលើប្រទេសគុយបា ខណៈប្រទេសកោះការាបៀនគ្រប់គ្រងដោយរបបកុម្មុយនិស្ត កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរិ៍ ដែលត្រូវបានកត់សម្គាល់ដោយការកាត់បន្ថយហេដ្ឋារចនាសម្ព័ន្ធ និងកង្វះខាតទំនិញសំខាន់ៗជាមូលដ្ឋាន ។

ដំណោះស្រាយរបស់ អ.ស.ប ទទួលបានការគាំទ្រដោយប្រទេសចំនួន ១៨៧ ដោយមានតែសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប៉ុណ្ណោះដែលបានបោះឆ្នោតប្រឆាំងដំណោះស្រាយនេះ ខណៈប្រទេសម៉ុលដាវី អនុប្បវាទ។ នេះជាឆ្នាំទី ៣២ ហើយដែលដំណោះស្រាយស្រដៀងគ្នានេះ ទទួលបានការគាំទ្រដ៏ច្រើនលើសលប់ ។

ការបោះឆ្នោតលើដំណោះស្រាយរបស់ អ.ស.ប ធ្វើឡើងនៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ដែលមានគូប្រជែងចំនួនពីរ មកពីគណបក្សសាធារណរដ្ឋ (លោកដូណាល់ ត្រាំ) និងគណបក្សប្រជាធិបតេយ្យ (លោកស្រី កាម៉ាឡា ហារីស) ។

នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតមុនពេលបោះឆ្នោត រដ្ឋមន្ត្រីការបរទេសគុយបា លោក ប្រ៊ូណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) បាននិយាយថា «វិធានការហ៊ុមព័ទ្ធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក គឺជា «វិធានការបិទផ្លូវ» ដោយលោកបានលើកឡើងថា ច្បាប់ និងបទប្បញ្ញត្តិរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យមានភាពស្មុគស្មាញជាខ្លាំងដល់សមត្ថភាពរបស់គុយបា ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងទទួលបានទំនិញ ឬសេវាកម្មពីប្រទេសលើពិភពលោក ។

លោក រ៉ូឌ្រីហ្គេស (Rodriguez) បានចាត់ទុកវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ថាជា «សង្គ្រាមសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម» ដោយអះអាងថា រូបភាពទាំងនេះ ប្រៀបបានទៅនឹង «អំពើប្រល័យពូជសាសន៍» ដោយមានចេតនាបង្ខំឱ្យប្រជាជនគុយបា រងនូវភាពឈឺចាប់មិនចេះចប់ និងបង្ខំឱ្យមានការផ្លាស់ប្តូរនយោបាយ ។ លោកបានរិះគន់ជាបន្តទៀតថា ទណ្ឌកម្មថ្មីៗទាំងនេះ រួមមានទាំងការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា បានរួមចំណែកយ៉ាងខ្លាំងចំពោះវិបត្តិថាមពលនាពេលបច្ចុប្បន្ននៅក្នុងដែនកោះកុម្មុយនីស្តមួយនេះ ។

ដោយឡែក អ្នកការទូតអាម៉េរិក លោក ផល ហ្វូមស្ប៊ី (Paul Folmsbee) បានថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយ បន្ទាប់ពីការបោះឆ្នោតរបស់ អ.ស.ប ដោយលោកបានលើកឡើងថា លោកមិនបានជំទាស់នោះទេ ចំពោះទស្សនៈដែលចោទប្រកាន់ថា ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសគុយបា ប៉ុន្តែអាម៉េរិក គ្រាន់តែមានបំណងចង់ឱ្យគុយបា ត្រូវលើកកម្ពស់ «សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ» ហើយសហរដ្ឋអាម៉េរិក បានធ្វើការលើកលែងទណ្ឌកម្មសម្រាប់គោលបំណងមនុស្សធម៌ ។

គួររម្លឹកថា សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មជាច្រើន លើប្រទេសគុយបា បន្ទាប់ពីបដិវត្តន៍របស់អតីតមេដឹកនាំលោក ហ្វីដែល កាស្រ្តូ (Fidel Castro) ក្នុងឆ្នាំ ១៩៥៩ ស្របពេលទណ្ឌកម្មថ្មីៗចុងក្រោយនេះ ភាគច្រើនធ្វើឡើងក្នុងអំឡុងលោកដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីអាម៉េរិក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ UN News/ Dreams Time