អង្គភាពទ័ពអាកាសនៃកងកម្លាំងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា

កូរ៉េខាងត្បូង៖ អង្គភាពទ័ពអាកាសនៃកងកម្លាំងរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាមួយ ដើម្បី «បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា រវាងសម្ព័ន្ធមិត្តទាំងពីរ ក្នុងការរក្សាគោលជំហរដ៏រឹងមាំក្នុងការការពារខ្លួន» ស្របពេលឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងភាពតានតឹង ។
សមយុទ្ធកាលពីថ្ងៃពុធសប្ដាហ៍នេះ ធ្វើឡើងរួមគ្នាដោយកងពលតូចអាកាសចរណ៍ប្រយុទ្ធទី២ របស់សហរដ្ឋអាម៉េរិក និងកងពលធំថ្មើរជើងទី២ របស់សាធារណរដ្ឋកូរ៉េ (ឬកូរ៉េខាងត្បូង)។ កងពលចម្រុះទាំងពីរ បានរៀបចំលំហាត់សឹកនេះឡើង នៅឯមូលដ្ឋានហ្វឹកហាត់ រ៉ូឌ្រីហ្គេស ឡាយហ្វាយអ័រ ខុមផ្លិច (Rodriguez Live Fire Complex) ក្នុងទីក្រុងពូឈិន (Pocheon) ភាគខាងជើងរដ្ឋធានីសេអ៊ូល ជាតំបន់យុទ្ធសាស្ត្រដែលមានចម្ងាយតិចជាង ៣០ គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង ។
លោកវរសេនីយ៍ទោ ស៊ីលវ៉ា ប្រាយអ៊ែន (Silva Brian) បានលើកឡើងថា "គោលបំណងនៃសមយុទ្ធនៅថ្ងៃនេះ គឺដើម្បីសាកល្បងនូវលក្ខណៈត្រៀមខ្លួនប្រយុទ្ធ របស់អង្គភាពទ័ពអាកាសទាំងពីររបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ថាតើការងាររបស់ពួកគេប្រកបដោយប្រសិទ្ធភាពប៉ុណ្ណា ។
សកម្មភាពហ្វឹកហ្វឺនរវាងសម្ព័ន្ធមិត្តទាំងពីរ ធ្វើឡើងនៅពេលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន និយាយថា កូរ៉េខាងជើង បានបញ្ជូនទាហានទៅគាំទ្រប្រតិបត្តិការរបស់ប្រទេសរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន ដែលការណ៍នេះ បានបង្កឱ្យមានក្តីព្រួយបារម្ភនូវការកើនឡើងភាពតានតឹង ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ទីក្រុងព្យុងយ៉ាង បាននិយាយថា ការបញ្ជូនទាហានរបស់ខ្លួនទៅឱ្យគាំទ្ររុស្ស៊ី គឺមានភាពត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ US Department of Defense/ AP/ Dvids





