ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak នឹងចូលខ្លួនការពារក្តីជាថ្មីក្នុងសំណុំរឿងពាក់ព័ន្ធមូលនិធិរដ្ឋ ១MDB

image


ម៉ាឡេស៊ី៖ នៅថ្ងៃពុធសប្ដាហ៍នេះ តុលាការម៉ាឡេស៊ី បានសម្រេចថា អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ (Najib Razak) (ដែលកំពុងជាប់ពន្ធនាគារ) ត្រូវតែការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងការរំលោភអំណាច និងលាងលុយកខ្វក់ នៅក្នុងការកាត់ក្តីមួយផ្សេងទៀត ជុំវិញរឿងអាស្រូវមូលនិធិរដ្ឋ ១MDB ដែលមានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិក ។

លោក ណាជីប (Najib) កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ២៥ករណី ដោយក្នុងនោះ ៤ ករណីគឺជាការចោទប្រកាន់ពីបទរំលោភអំណាច និង ២១ករណីពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ដែលត្រូវបានចោទប្រកាន់ថាលោកណាជីប ទទួលបានទឹកប្រាក់ក្នុងរង្វង់ ២.៣ ពាន់លានរីងហ្គីតនៃរូបិយប័ណ្ណម៉ាឡេស៊ី (៥២៦ លានដុល្លារអាម៉េរិក) ពីមូលនិធិរដ្ឋ ១MDB (1Malaysia Development Berhad)។ លោក ណាជីប បានបដិសេធនូវរាល់ការចោទប្រកាន់ទាំងអម្បាលម៉ាន ។

ទន្ទឹមគ្នានេះ លោកមូហាម៉ាត់ សាហ្វ៊ី អាប់ឌុលឡា (Muhammad Shafee Abdullah) ដែលដឹកនាំក្រុមមេធាវីការពារក្តីរបស់លោកណាជីប បានលើកឡើងថា អតីតនាយករដ្ឋមន្ត្រីរូបនេះ «មានការខកចិត្តជាខ្លាំង» ចំពោះសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់សក្ខីកម្មក្នុងការការពារក្តីរបស់លោក ។

ក្នុងពេលដំណាលគ្នា តុលាការកំពូលទីក្រុងគូឡាឡាំពួ បានរកឃើញថា ព្រះរាជអាជ្ញាមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ដំណើរការនីតិវិធីក្នុងការបង្កើតសំណុំរឿងប្រឆាំងនឹងលោកណាជីប លើបទចោទប្រកាន់ចំនួន ២៥ករណី។ ប្រសិនបើលោកណាជីប ត្រូវតុលាការរកឃើញកំហុស នោះលោក អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ ៥ ដងនៃចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ AP/ Property Guru