សង្គម

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា

image


ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារអាម៉េរិក ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុស និងសិស្សស្រី និងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

គម្រោងអប់រំថ្នាក់មធ្យមសិក្សា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែម ចំនួន៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរ ទៅរកសកម្មភាពសេដ្ឋកិច្ច ដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាព ដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យ កត់សម្គាល់របស់ខ្លួនកន្លងមកនេះ»។

លោកស្រីបញ្ជាក់ថា «កម្លាំងពលកម្មប្រកបដោយជំនាញ និងការអប់រំ គឺជាតម្រូវការ មូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុង វិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោលបំណងពង្រីកសក្តានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត»។

ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ ៣៥,៥% នៅក្នុងប្រទេសកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ ក្មេងប្រុសដែលត្រូវរួមចំណែកប្រាក់រកចំណូលគ្រួសារ។

គ្រូបង្រៀនត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំពិសេសត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំងដើម្បីទទួលបានការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព។

គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលា មធ្យមសិក្សាអប់រំពិសេស។

គម្រោងនេះ នឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម។

សម្រាប់គោលដៅដូចគ្នានេះដែរ គម្រោងនឹងអភិវឌ្ឍជំនាញទន់ ដូចជាការ ទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។

គម្រោងនេះនឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បី ជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហា ជាក់ ស្តែង និងការចូលរួមជាមួយសហគមន៍។

គម្រោងក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ ទី១២ ដើម្បីពិនិត្យវាយតម្លៃមើលឱ្យកាន់តែច្បាស់នូវកម្មវិធីសិក្សាដែលបានធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សាបំប៉នពិសេសក្នុងវិស័យអាទិភាព ដូចជាសេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត សំដៅពង្រឹងប្រភព ធនធានមនុស្សប្រកបដោយជំនាញ។

គម្រោងនេះ គឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។ វាស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលសម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ADB ឆ្នាំ ២០២៤-២០២៨។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕