រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាផ្នែកសង្រ្គោះបឋម ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ”ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតសួរសុខទុក្ខមន្រ្តីសុខាភិបាលបម្រើសេវាផ្នែកគិលានុសង្រ្គោះបឋម ដែលកំពុងប្រចាំការថែទាំសុខភាពជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការនី និងអ្នកចូលរួមទស្សនា នៅក្នុងពិធី។ ក្នុងនោះដែរ លោកសាស្រ្តាចារ្យ បានពិនិត្យរួមទាំងផ្នែកបច្ចេកទេស អំពីសេវាសង្រ្គោះបឋម រួមមាន សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត ឱសថសារវន្ត និងបច្ចេកទេសរថយន្តគិលានសង្រ្គោះ ដោយត្រូវធានាបាន នូវសុវត្ថិភាព ប្រសិទ្ធិភាព និងគុណភាព ចំពោះមុខការត្រៀមសេវាសង្គ្រោះ និងបញ្ជូនបានទាន់ពេលវេលា។
ទន្ទឹមនឹងនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាលដែលកំពុងប្រចាំការ ដោយត្រូវមានភាពភាពស្វាហាប់ និងវាងវៃជាប់ជាប្រចាំ ជាមួយទឹកចិត្តប្រកបដោយក្តីមេត្តាធម៌ ខិតខំក្នុងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរបំផុត ដែលនេះជាបេសកម្មដ៏ក្នុងគុណតម្លៃខ្ពស់សម្រាប់ប្រទេសជាតិ។
លោកសាស្រ្តាចារ្យ ក៏បានផ្តាំផ្ញើដល់អ្នកទទួលបន្ទុកការងាររថយន្តគិលានុសង្រ្គោះទាំងអស់ ត្រូវពិនិត្យបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសក្នុងពេលបញ្ជូនអ្នកជំងឺ។ រូបសញ្ញាលើរថយន្តគិលានុសង្រ្គោះ ត្រូវតែច្បាស់ល្អ និងងាយសម្គាល់បានដោយសាធារណជន។ បន្ថែមពីលើនេះ លោកសាស្រ្តាចារ្យ ក៏បានណែនាំដល់មន្រ្តីសុខាភិបាលប្រចាំការ សូមរៀបចំឱសថសារវន្តសម្រាប់ការប្រើប្រាស់ឱ្យបានលើសពីចំនួនដែលគ្រោងទុក និងរក្សាបានល្អ ទោះបីមិនប្រើប្រាស់អស់ក្នុងបេសកកម្មមួយ ពេលត្រឡប់ទៅវិញ ក៏នៅតែជាឱសថមានគុណភាពត្រៀមយកប្រើបានគ្រប់ពេលវេលា៕
ដោយ៖ គង់ វណ្ណៈ