ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា ដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៣ ពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់មួយចំនួន តាមសំណើររាជរដ្ឋាភិបាល

image


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដែលមានកូរ៉ុមសមាជិក សមាជិការដ្ឋសភា ចូលរួមប្រជុំចំនួន១១៣រូប។

របៀបវារៈប្រជុំ នៅថ្ងៃនេះរួមមាន៖
១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និង លើកទី៣ នីតិកាលទី៧។
៣-ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់លោក ហ៊ី វីរៈ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ជំនួសសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។
៤-ការបោះឆ្នោតជ្រើសតាំងលោក អ៊ុត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។
៥-ការពិភាក្សា និងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី កិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិ បច្ចេកទេស រួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿង បន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញ ទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
៧-ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់។

តំណាងរាជរដ្ឋាភិបាល ក៏បានមកការពារសេចក្តីព្រាងច្បាប់ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នៅថ្ងៃនេះ ផងដែរ។

ខណៈពេលនេះរដ្ឋសភាកំពុងបន្តកិច្ច ពិភាក្សាសួរដេញដោលលើសេចក្តីព្រាងច្បាប់ទាំងនេះ ទៅតំណាងរាជរដ្ឋាភិបាល ដែលមានវត្តមានការពារសេចក្តីព្រាងច្បាប់ នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា៕
ដោយ៖វង សុភ័ក្ត្រ