ម៉ិកស៊ិកព្រមានថា ការហាមប្រាមរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យារថយន្តរបស់ចិន អាចប៉ះពាល់ដល់ឧស្សាហកម្មរថយន្ត

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលម៉ិកស៊ិក បានលើកឡើងពីការព្រួយបារម្ភអំពីសំណើររបស់រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក បៃដិន ក្នុងការហាមឃាត់ផ្នែកទន់ និងផ្នែករឹងនៃបច្ចេកវិទ្យារថយន្តរបស់ចិន ដែប្រេីប្រាស់នៅលើដងផ្លូវអាមេរិក ដោយសារកង្វល់សន្តិសុខជាតិ។ នេះបេីយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងឯកសារមួយទៅកាន់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា សំណើនេះអាចមាន «ផលប៉ះពាល់យ៉ាងខ្លាំងលើឧស្សាហកម្មរថយន្តរបស់ប្រទេសម៉ិកស៊ិក។ សម្រាប់សេដ្ឋកិច្ច, វានឹងបង្កឱ្យមានរបាំងពាណិជ្ជកម្មដែលអាចកើតមាន ការរំខានដល់សង្វាក់ផ្គត់ផ្គង់ ការកើនឡើងនៃថ្លៃដើមផលិតកម្ម និងហានិភ័យដែលអាចកើតមាននៃការកាត់បន្ថយការងារដោយផ្ទាល់ និងដោយប្រយោល»។
ក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក បានលើកឡើងថា សំណើនេះអាចបំពានច្បាប់ពាណិជ្ជកម្មសេរីនៅអាមេរិកខាងជើង និងនាំឱ្យមានការកើនឡើងនៃថ្លៃដើមផលិតកម្ម ដោយសារការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបន្លាស់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានគ្រោងទុកជាមុនរបស់ឧស្សាហកម្មរថយន្ត។
បច្ចុប្បន្នប្រទេសម៉ិកស៊ិក គឺជាគោលដៅដ៏ពេញនិយមមួយសម្រាប់ក្រុមហ៊ុនចិនបោះទីតាំងវិនិយោគ ក្នុងនោះរួមទាំងក្រុមហ៊ុនផលិតរថយន្តផងដែរ ដើម្បីគេចពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការកើនឡើងកាន់តែខ្លាំងជុំវិញជម្លោះពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង។
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញពីការព្រួយបារម្ភអំពីការប្រមូលទិន្នន័យដោយក្រុមហ៊ុនចិន ទៅលើអ្នកបើកបរ និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាការរៀបចំយានយន្តដែលភ្ជាប់អ៊ីនធឺណិត និងប្រព័ន្ធបង្ហាញផ្លូវធ្វើដំណើរ។ កត្តានេះបានធ្វើឱ្យសហរដ្ឋអាម៉េរិក ស្នើឱ្យមានការដាក់បម្រាមលើផ្នែករឹង និងទន់ នៅក្នុងរថយន្តចិន ដែលបើកបរលើដងផ្លូវនៅសហរដ្ឋអាម៉េរិក។
បម្រាមនេះនឹងហាមឃាត់ការលក់រថយន្ត ឬកម្មវិធី និងផ្នែករឹងមួយចំនួនមកពីប្រទេសចិន ដែលមានទំនាក់ទំនងសំខាន់ពាក់ព័ន្ធនឹងប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់រថយន្ត។ វិធានការនេះបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវការរឹតបន្តឹងជាបន្តបន្ទាប់របស់អាម៉េរិក លើរថយន្ត ឧបករណ៍អេឡិចត្រូនិក និងគ្រឿងបន្លាស់របស់ចិន ផ្សេងទៀត។
កាលពីខែកញ្ញា រដ្ឋបាល លោក បៃដិន ក៏បានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ១០០% ព្រមទាំងពន្ធថ្មីទៅលើអាគុយរថយន្តអគ្គិសនី និងវត្ថុធាតុដើមសំខាន់ៗជាច្រើនទៀតផងដែរ៕

