កម្លាំងនគរបាល ឡោមព័ទ្ធ និងឆ្មក់ចូលទីតាំងមួយកន្លែង នៅខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនបរទេស ១០០០នាក់

កំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានឡោមព័ទ្ធ និងឆ្មក់ចូលទីតាំងមួយកន្លែង ឃាត់ខ្លួនជនបរទេសបានជាង ១០០០នាក់ នៅខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា ទីតាំងដែលសមត្ថកិច្ចក្រសួងឆ្មក់បង្ក្រាបនេះ មានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត ២០០នាក់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ៣២ ក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
ទាក់ទងនឹងករណីនេះ ភ្នាក់ងារ CNC ប្រចាំខេត្តកំពង់ស្ពឺ បានសុំការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដែរ តែបានឆ្លេីយថា ករណីនេះមិនទាន់អាចធ្វេីការអត្ថាធិប្បាយបាននៅឡេីយទេ ដោយសមត្ថកិច្ចកំពុងធ្វេីការ។
ប៉ុន្តែបេីយោងតាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងខាងលើនេះគឺ ជ្រកក្នុងរូបភាពជារោងចក្រដំណាប់ស្វាយ បើកលេងប្បែងយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ។ ទីតាំងនេះ មិនអនុញ្ញាតឱ្យនរណាម្នាក់ទីឈប់ ឬចតរថយន្តក្បែរនោះឡើយ ប្រសិនជាមានការឈប់ ឬចតគឺមានសន្តិសុខមកដេញចេញភ្លាមៗ។ កុំថាឡើយប្រជាពលរដ្ឋ សូម្បីសមត្ថកិច្ចមូលដ្ឋានក៏មិនអាចទៅក្បែរនោះបានដែរ៕
អត្ថបទ៖ ប៊ុត សារុន










