ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Tesla និយាយថា យុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្មនៅក្នុងប្រទេសចិន នឹងជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក

image


ចិន៖ អនុប្រធានក្រុមហ៊ុន Tesla លោកស្រី តាវលីន (Tao Lin) មានប្រសាសន៍ថា យុទ្ធសាស្រ្តធ្វើមូលដ្ឋានីយកម្មដ៏រឹងមាំរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន មិនត្រឹមតែបានបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ខណៈវិធានការជំរុញថ្មីៗរបស់ក្រុមហ៊ុន ត្រូវគេរំពឹងថា នឹងពង្រឹងទំនុកចិត្តនៅលើទីផ្សារបន្ថែមទៀត ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញទូរទស្សន៍អន្តរជាតិ CGTN របស់ចិន ក្នុងអំឡុងកិច្ចប្រជុំផ្លាស់ប្តូរទំនាក់ទំនងអាជីវកម្ម នៅទីក្រុងចុងឈីង (Chongqing) លោកស្រី តាវ លីន បានធ្វើការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការធ្វើមូលដ្ឋានីយកម្ម ដោយលោកស្រី បានលើកឡើងពីឥទ្ធិពលវិជ្ជមាននៃគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិន និងអាជីវកម្មបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ ។

កាលពីដើមសប្ដាហ៍នេះ លោកស្រីអនុប្រធាន តាវ លីន បានចូលរួមនៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរទំនាក់ទំនងអាជីវកម្ម រវាងគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន (NDRC) និងសហគ្រាសពហុជាតិរបស់សហរដ្ឋអាម៉េរិក ក្នុងទីក្រុងចុងឈីង ភាគនិរតីប្រទេសចិន ជាទីកន្លែងដែលមានតំណាងចូលរួមរបស់ក្រុមហ៊ុនពហុជាតិជាង ៦០ តំណាង មកពីអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយបានចូលរួមក្នុងកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគ ។

លោកស្រី បានកត់សម្គាល់ពីកិច្ចខិតខំកម្រិតខ្ពស់របស់ក្រុមហ៊ុន Tesla ក្នុងការធ្វើមូលដ្ឋានីយកម្ម នៅក្នុងប្រទេសចិន ដែលនាំមកនូវប្រសិទ្ធភាពកាន់តែច្រើន និងអាចគ្រប់គ្រងការចំណាយបានកាន់តែប្រសើរ ។

លោកស្រី បានរៀបរាប់យ៉ាងដូច្នេះថា «ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Tesla ជាង ៩៥% គឺស្ថិតនៅក្នុងប្រទេសចិន ហើយបុគ្គលិកក្រុមហ៊ុន ៩៩.៩% គឺជាពលរដ្ឋក្នុងស្រុក។ យើងឃើញថា ក្រុមក្នុងស្រុកមានប្រសិទ្ធភាពខ្ពស់ ហើយអ្នកផ្គត់ផ្គង់ក្នុងស្រុកឆ្លើយតបបានយ៉ាងរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ដំណាលគ្នានេះ បុគ្គលិកក្នុងស្រុករបស់ក្រុមហ៊ុនក៏ធ្វើការបានល្អ ដោយអាចបំពេញការងារ ជុំវិញសមត្ថភាពគ្រប់គ្រងការចំណាយ និងការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព នោះហើយជាមូលហេតុដែលលោកស្រី គិតថា ក្រុមហ៊ុន Tesla បានធ្វើការងារដ៏អស្ចារ្យ នៅពេលនិយាយអំពីការធ្វើមូលដ្ឋានីយកម្ម (ផ្តោតលើការផ្តល់ឱកាសក្នុងស្រុក) ដោយរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សកលលោកផងដែរ ។

កាលពីខែកញ្ញា ធនាគារកណ្តាលចិន រួមជាមួយនឹងនិយតករមូលបត្រ និងនិយតករហិរញ្ញវត្ថុកំពូលរបស់ប្រទេសចិន បានប្រកាសអំពីវិធានការជំរុញសេដ្ឋកិច្ច រួមទាំងការកាត់បន្ថយសមាមាត្រតម្រូវការបម្រុង ០.៥% ដែលអនុញ្ញាតឱ្យធនាគារអាចផ្តល់ប្រាក់កម្ចីបន្ដែមទៀត រួមបញ្ចូលជាមួយនឹងសាច់ប្រាក់មួយពាន់ពាន់លានយ័ននៃរូបិយប័ណ្ណចិន (ប្រហែល ១៤០.៤២ ពាន់លានដុល្លារអាម៉េរិក) ចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងគុណភាពខ្ពស់ ។

ពាក់ព័ន្ធនឹងសំណួរអំពីឥទ្ធិពលនៃគោលនយោបាយជំរុញទឹកចិត្តទាំងនេះលើក្រុមហ៊ុនអាម៉េរិក នៅក្នុងប្រទេសចិន លោកស្រី តាវ លីន បានសង្កត់ធ្ងន់ថា វិធានការនេះ បានបង្កើនទំនុកចិត្តដល់អតិថិជន ដោយជំរុញឱ្យមានការចំណាយកាន់តែច្រើន ដែលជាលទ្ធផលនឹងផ្តល់ផលប្រយោជន៍សម្រាប់ការស្រាវជ្រាវរបស់ក្រុមហ៊ុនលើការរីកលូតលាស់ និងការអភិវឌ្ឍន៍ផលិតកម្មនៅក្នុងទីផ្សារនាពេលអនាគត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters Connect/ CNBC News/ Others