សង្គម

ចាប់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀ ៤នាក់ បញ្ជូនទៅតុលារការ នៅរាជធានីភ្នំពេញ

image


ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ២ករណីផ្សេងគ្នា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

ជនសង្ស័យទាំង៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណី រួមមានករណីទី១ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចទល់មុខព្រលានយន្ដហោះ លើផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ ៥,១៣,១៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង និងបន្តទៅឆែកឆេរបន្ទប់ជួលគ្មានលេខ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក រួមមាន គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ១១កញ្ចប់, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ ជនទាំង៣នាក់ ឈ្មោះ យ៉ា រ៉ូហ្សិត ភេទប្រុស អាយុ ៣៤ឆ្នាំ, ឈ្មោះ សាយ វិបុល ភេទប្រុស អាយុ ២៧ឆ្នាំ, ហឿន រ៉ាវីន ហៅ ពៅ ភេទប្រុស អាយុ ៤២ឆ្នាំ។

រីឯករណីទី២ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ពិណ្ណារ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៣០០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។ វត្ថុតាងចាប់យក រួមមាន គ្រឿងញៀនក្រាមសថ្លាចំនួន ៧កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា