គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងស្ថានទូតអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស និងបានពន្យល់ ករណីចាប់ខ្លួនបុគ្គលមួយចំនួន និងអ្នកកាសែតម្នាក់ នៅកម្ពុជា
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ ជំនួបនេះ បានផ្តោតការពិភាក្សាលើតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស រវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
ក្រោយពីការសម្តែងនូវកិច្ចស្វាគមន៍ចំពោះ លោក Derek Yip និងសហការី លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការងារសំខាន់ៗរបស់ គ.ស.ម.ក. ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ ក្នុងនោះ នៅថ្នាក់ជាតិ គ.ស.ម.ក. បានធ្វើការអប់រំ និងផ្សព្វផ្សាយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការទទួល ស៊ើបអង្កត និងដោះស្រាយពាក្យបណ្ដឹង ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស និងការផ្តល់មេធាវីស្ម័គ្រដោយឥតគិតថ្លៃដល់ជនរងគ្រោះដែលគ្មានទីពឹង ឬជាជនក្រីក្រ ជាដើម។
ចំពោះថ្នាក់តំបន់ គ.ស.ម.ក. គឺជាតំណាងប្រទេសកម្ពុជា នៅក្នុងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR)។ រីឯនៅថ្នាក់អន្តរជាតិ គ.ស.ម.ក. ទទួលបន្ទុកសរសេររបាយការណ៍ សិទ្ធិមនុស្សជាតិចំនួនប្រាំ សម្រាប់ផ្ញើទៅយន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ និងមានតួនាទីក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមនៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ទាំងនេះ។
ទន្ទឹមនេះ លោកក៏បានគូសបញ្ជាក់ពីប្រទេសជាដៃគូសន្ទនារបស់ គ.ស.ម.ក. រួមមាន ជប៉ុន កាណាដា ស៊ុយអែត អង់គ្លេស អាល្លឺម៉ង់ បារាំង និងសហភាពអឺរ៉ុប ជាដើម។ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ស្ថានទូតអូស្ត្រាលី ដែលតែងតែផ្តល់នូវកិច្ចសហការល្អជាមួយ គ.ស.ម.ក. ដូចជា ការជួយជ្រោមជ្រែង នៅក្នុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) តាមរយៈវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) និងការលើកកម្ពស់ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានកត់សម្គាល់ពីទំនាក់ទំនងយូរអង្វែង ដែលមានមូលដ្ឋានគ្រឹះ រឹងមាំរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី និងបានបង្ហាញពីបំណងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះ លោកក៏បានទទួលស្គាល់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិជនមានពិការភាព សមភាពយេនឌ័រ និងការទទួលយកអនុសាសន៍ ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកក៏បានសាកសួរពីវឌ្ឍនភាពរបស់សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស និងលើកឡើងពីលំហនៃសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដែលក្នុងនោះ លោកក៏បានលើកឡើងពីករណីការចាប់ខ្លួនរបស់ លោក ម៉ិច ដារ៉ា ករណីមាតាធម្មជាតិ និងករណីការចាប់ខ្លួនបុគ្គលមួយចំនួនដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស បានដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រីរួចរាល់ហើយ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ បាននិងកំពុងអនុវត្តយ៉ាងមមាញឹកនូវកម្មវិធីគោលនយោបាលអាទិភាពទាំង៦ ជាពិសេសការពង្រឹងសេវាគាំពារសង្គម។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណីមាតាធម្មជាតិ ករណីប្រវត្តិនៃការធ្វើកុបកម្មឆ្នាំ២០១៣ នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់ លោក ម៉ិច ដារ៉ា ជាដើម៕