សង្គម

លើកដំបូង! រកឃើញអ្នកដាំដើមពោធិ៍ក្បែរមណ្ឌបព្រះរាជបូជនីយកិច្ចព្រះបរមរតនកោដ្ឋ ក្នុងអំឡុងឆ្នាំ១៩៦២ ពេលនេះមានវ័យ១០១ឆ្នាំ

image


ស្ទឹងត្រែង៖ អ្នកដាំដើមពោធិ៍ នៅក្បែរមណ្ឌបព្រះរាជបូជនីយកិច្ចព្រះបរមរតនកោដ្ឋ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ត្រូវបានរកឃើញហើយគឺលោកយាយ ថាច់ យួង ដែលមានអាយុ១០១ឆ្នាំហើយនៅពេលនេះ ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ​នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងខ្លឹមសាររបស់លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានសរសេរថា «លោកយាយ ថាច់ យួង អាយុ ១០១ឆ្នាំ លោកយាយជាអ្នកដាំដើមពោធិ៍ ដែលនៅពីក្រោយព្រះមណ្ឌបព្រះរាជបូជនីយកិច្ចព្រះករុណាព្រះបរមរតនកោដ្ឋ (និគមជនបុរីអូរស្វាយ) ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយលោកយាយ ក៏ជាគ្រួសារប្រជាពលរដ្ឋ ក្នុងចំណោមប្រជាពលរដ្ឋដែលព្រះករុណាព្រះបរមរតនកោដ្ឋ បានបញ្ជូនមកតាំងលំនៅដ្ឋានក្នុងនិគមជនបុរីអូរស្វាយ (ចន្លោះឆ្នាំ១៩៦២-១៩៦៧) ផងដែរ »។

សូមរំឭកថា ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣មក ក្នុងចន្លោះឆ្នាំ១៩៦២-១៩៦៧ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយកប្រជាជនមកពីតាមបណ្តាខេត្តផ្សេងៗ ឲ្យមករស់នៅក្នុងតំបន់ភូមិសាស្ត្រខេត្តស្ទឹងត្រែងជាច្រើនគ្រួសារ ។គ្រានោះ សម្តេចព្រះបរមរតនកោដ្ឋ បានឧបត្ថម្ភដល់គ្រួសារប្រជាជនជាច្រើនមុខ ដូចជា គ្រឿងឧបភោគបរិភោគ មាន់ទា គោក្របី ពូជស្រូវ ពូជដំណាំ ដីលំនៅឋាន ដីកសិកម្ម សាលារៀន និងមន្ទីរពេទ្យជាដើម ដើម្បីបង្កលក្ខណៈងាយដល់ប្រជាជនដែលមកតាំងទីលំនៅថ្មីទាំងនោះផងដែរ ។

គួរបញ្ជាក់ដែរនេះជាលើកទីមួយហើយ ដែលលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានរកឃើញលោកយាយម្នាក់នេះ បន្ទាប់ពីពិធីគោរព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋបានបញ្ចប់ ដែលប្រារពធ្វើឡើងនៅស្រុកបុរីអូរស្វាយសែនជ័យនៅថ្ងៃនេះ៕

អត្ថបទ៖ ម៉ាក មេត្តា​